ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹក កងកម្លាំងម៉ារីន និងទ័ពអាកាស ចាប់ផ្តើមសមយុទ្ធ North Edge 21 នៅអាឡាស្កា

បរទេស៖ យោងតាមការឲ្យដឹង ពីកងទ័ពជើងទឹក សហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រុមវាយប្រហារ នៃនាវាផ្ទុកយន្តហោះ Theodore Roosevelt បានចាប់ផ្តើមធ្វើ សមយុទ្ធយោធា នៅឈូងសមុទ្រអាឡាស្កា នាសប្ដាហ៍នេះ។

លោកឧត្តមនាវី Doug Verissimo ជាមេបញ្ជាការនៃក្រុមវាយប្រហារ លេខ៩ របស់នាវាផ្ទុកយន្តហោះ បានមានប្រសាសន៍ ក្នុងសេចក្តីប្រកាសព័ត៌មាន ទ័ពជើងទឹកមួយ ដូច្នេះថា “កិច្ចសហការគ្នា របស់ក្រុមវាយប្រហារ លេខ៩ របស់នាវាផ្ទុកយន្តហោះ ជាមួយកងកម្លាំងចម្រុះ បង្ហាញដល់ដៃគូ របស់យើងថា យើងកំពុងតែសម្រួចសមត្ថភាព របស់យើង ក្នុងការត្រៀមលក្ខណៈ ជាស្រេច សម្រាប់បេសកកម្ម ណាមួយ ដែលគួរតែបង្ហាញវត្តមាន ខ្លួនឯង នៅក្នុងតំបន់អាក់ទិក ដ៏មានសារៈសំខាន់ខ្លាំងឡើងនេះ”។

យោងតាមទ័ពជើងទឹក អាមេរិក កងកម្លាំងដែនអាកាស តំបន់ប៉ាស៊ីហ្វិក របស់អាមេរិក កំពុងតែរៀបចំសមយុទ្ធ ដែលរួមមានទាំង ទាហានជើងទឹក ទាហានជើងអាកាស និងទាហានម៉ារីន ដែលនឹងហ្វឹកហាត់ នៅបរិវេណប៉ាស៊ីហ្វិក អាឡាស្កាចម្រុះ ឈូងសមុទ្រអាឡាស្កា ដែលមានដែនអាកាសជាង៦០.០០០ម៉ាយ នៅទូទាំងរដ្ឋអាឡាស្កា”។

គួរបញ្ជាក់ថា តាមការប្រកាសព័ត៌មាន ពីមុនមួយពីទ័ពជើងទឹក អាមេរិក នៅក្នុងសមយុទ្ធនេះ សរុបមានយោធាអាមេរិក ចំនួនប្រហែល១៥.០០០នាក់ នាវាទ័ពជើងទឹកអាមេរិក៦គ្រឿង និងយន្តហោះចំនួន២៤០គ្រឿង ចូលរួម ហើយវាបានចាប់ផ្តើមនៅថ្ងៃចន្ទ និងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៤ ខែឧសភា៕

ប្រែសម្រួល៖ប៉ាង កុង

To Top