បរទេស៖ ប្រទេសអេហ្ស៊ីប និងប្រទេសតួកគី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ នៅពេលថ្មីៗនេះថា ប្រទេសទាំងពីរ នឹងប្រារព្ធធ្វើកិច្ចពិភាក្សា នយោបាយ រយៈពេល២ថ្ងៃ នៅក្នុងទីក្រុងគែរ នាថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ជាផ្នែកនៃដំណើរ ជំរុញផ្សះផ្សារ ចំណងមិត្តភាព រវាងប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍មួយ ចេញដោយក្រសួងការបរទេស របស់ប្រទេសទាំងពីរ បាននិយាយប្រាប់ យ៉ាងដូច្នេះថា “កិច្ចពិភាក្សាស្វែងយល់គ្នា ទាំងនេះ នឹងផ្តោតសំខាន់លើ ជំហានចាំបាច់នានា ដែលអាចនាំទៅរក ការធ្វើចំណងមិត្តភាព រវាងប្រទេសទាំងពីរ មានភាពប្រក្រតីឡើងវិញ ទាំងក្នុងបរិបទទ្វេភាគីនិងក្នុងតំបន់”។
យោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន First Post នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសតួកគីនិងប្រទេសអេហ្ស៊ីប បានខ្វែងគំនិតគ្នា ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញរឿងគោលជំហរ ជម្លោះរបស់ពួកគេ លើក្រុមភេតរភាពឥស្លាម ដែលជាសង្គ្រាមក្នុងប្រទេសលីប៊ី និងព្រំដែនសមុទ្រនៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត។
គួរបញ្ជាក់ថា ចំណងមិត្តភាព រវាងប្រទេសទាំងពីរនេះ បានជាប់គាំង ចាប់តំាងពីទាហានអេហ្ស៊ីប បានផ្តួលរំលំប្រធានាធិបតី ក្រុមភេតរភាព មូស្លីម ជាប់ឆ្នោត តាមបែបនលទ្ធិប្រជាធិបតី និងជិតស្និទ្ធជាមួយ ប្រទេសតួកគី នៅក្នុងឆ្នាំ២០១៣ ជាអ្វីដែលទីក្រុងអង់ការ៉ា និយាយថា ជារដ្ឋប្រហារយោធា៕
ប្រែសម្រួល៖ប៉ាង កុង