Covid-19

ថៃឡង់ដ៏ មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី លើសពី២.០០០នាក់

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ថា ប្រទេសថៃឡង់ដ៏ត្រូវបានគេបញ្ជាក់ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ និងអ្នកស្លាប់បន្តកើនឡើង បើរាប់គិតត្រឹមថ្ងៃពុធ ខណៈដែលប្រទេសកំពុងទប់ទល់នឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា ។

លោកស្រី Apisamai Srirangsan អ្នកនាំពាក្យមកពីមជ្ឈមណ្ឌលតាមដានស្ថានភាព ជំងឺកូវីដ-១៩ បានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថា មានករណីថ្មីចំនួន២.១១២នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៧៤.៩០០នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់បន្ថែមទៀតចំនួន១៥នាក់ និងសរុបអ្នកស្លាប់បានកើនឡើងដល់៣១៨នាក់ ។

លោកស្រី Apisamai បានលើកឡើងថា គិតត្រឹមថ្ងៃពុធ ករណីថ្មីមានចំនួន២.១០៧នាក់ ជាអ្នកឆ្លងជំងឺក្នុងស្រុក ទន្ទឹមនឹងនេះដែរ ០៥នាក់ផ្សេងទៀតជាអ្នកនាំចូលពីខាងក្រៅ ។

សម្រាប់ការចែកតួលេខគ្នាវិញ រដ្ឋធានីបាងកក បានបន្តរាយការណ៍ថា មានករណីថ្មីនៃអ្នកឆ្លងជំងឺច្រើនជាងគេ ដែលមានករណីថ្មីចំនួន៧៨៩នាក់ ។

អ្នកស្រី្តរូបនេះបានលើកឡើងថា នៅក្នុងប្រព័ន្ធចត្តាឡីស័ករដ្ឋរបស់ប្រទេសថៃឡង់ដ៏ ប្រទេសបានរកឃើញករណីលើកដំបូងនៃវីរុសកូរ៉ូណាក្លាយពូជនៅក្នុងប្រទេសរបស់ខ្លួន ដែលត្រូវបានគេរកឃើញដំបូងនៅប្រេស៊ីល ប៉ុន្តែ វីរុសក្លាយពូជ មិនត្រូវបានរកឃើញឆ្លងនៅក្នុងសហគមន៍នោះទេ ។

រលកទី៣នៃជំងឺកូវីដ-១៩ ការឆ្លងរាលដាលដោយសារតែមានការជួបជុំគ្នាសប្បាយនៅក្នុងក្រុងបាងកក កាលពីដើមខែមុន បានឃើញពីការឆ្លងថ្មីជាង៤៦.០០០នាក់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយនេះ និងមានអ្នកស្លាប់លើសពី២០០នាក់ចាប់តាំងពីចាប់ផ្តើមចូលដល់ខែមេសា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top