បរទេស៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការថ្កោលទោសចំពោះ សេចក្តីថ្លែងការណ៍រួមគ្នាមួយ ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេស របស់ក្រុមប្រទេស G7 ដែលបានបង្ហាញការគាំទ្រ ដល់កោះតៃវ៉ាន់ដែលចិនអះអាងកម្មសិទ្ធិ និងរិះគន់ទីក្រុងប៉េកាំងថា ពូកែគម្រាម និងបាននិយាយថា វាគឺជាការជ្រៀតជ្រែកចូលទាំងស្រុង ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្រោយជំនួបកំពូលនៅទីក្រុងឡុងដ៍ រដ្ឋមន្ត្រីការបរទេសក្រុម G7 បាននិយាយថា ប្រទេសចិន មានទោសពីបទរំលោភបំពានសិទ្ធិមនុស្ស និងពីបទប្រើប្រាស់គោលនយោបាយ សេដ្ឋកិច្ចបែបបញ្ជា ដែលក្រុម G7 នឹងប្រើប្រាស់កិច្ចប្រឹងប្រែងរួមគ្នាដើម្បីបញ្ឈប់។
នៅក្នុងចំណាត់ការខុសប្រក្រតីមួយ ក្រុមប្រទេស G7 ក៏បាននិយាយផងដែរថា ពួកគេគាំទ្រការចូលរួមរបស់តៃវ៉ាន់ ក្នុងវេទិកាអង្គការសុខភាពពិភពលោក និងសន្និបាតសុខភាពពិភពលោក និងបានបង្ហាញនូវក្តីព្រួយបារម្ភ អំពីសកម្មភាពឯកតោភាគីណាមួយ ដែលអាចបង្កឲ្យកើនភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ផងដែរ។

ថ្លែងនៅក្នុងទីក្រុងប៉េកាំង មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីង បានធ្វើការថ្កោលទោសចំពោះ សេចក្តីថ្លែងការណ៍នោះ ដោយនិយាយថា វាបានធ្វើការចោទប្រកាន់គ្មានមូលដ្ឋាន ដែលជាការជ្រៀតជ្រែកចូលទាំងស្រុង ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន៕
ប្រែសម្រួល៖ ប៉ាង កុង
