បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ បានបន្ថែមប្រទេសអ៊ីស្រាអែល ចូលក្នុងបញ្ជីប្រទេស ដែលពលរដ្ឋនឹងត្រូវអនុញ្ញាត ឲ្យធ្វើដំណើរកំសាន្ត នៅតំបន់អឺរ៉ុប ស្របពេលដែលអឺរ៉ុបស្វះស្វែងស្តារឡើងវិញ នូវការធ្វើដំណើរ និងស្រោចស្រង់ដំណើរ ទេសចរណ៍រដូវក្តៅ ពីបម្រាមកូវីដ១៩ធ្ងន់ធ្ងរ។
ការបើកទទួលភ្ញៀវទេសចរ អ៊ីស្រាអែល ឡើងវិញនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែល សហភាពអឺរ៉ុប កំពុងតែបែរទៅរក ការបន្ធូរបន្ថយ បម្រាមបច្ចុប្បន្ន របស់ខ្លួន លើការធ្វើដំណើរមិនចាំបាច់ ពីប្រទេសដទៃនានា ដោយមានការលើកលែង តែមួយចំនួនតូច រួមមានប្រទេស នូវែលសេឡង់ និងអូស្ត្រាលី ប៉ុណ្ណោះ។
ប៉ុន្តែការសម្រេចចិត្តនេះ នឹងមិនរាប់បញ្ចូល រដ្ឋសមាជិក ដែលនឹងសម្រេចចិត្ត ជាឯកតោភាគី ឬក្នុងដំណើររៀបចំចំពោះគ្នា ទៅវិញទៅមក ជាមួយប្រទេសអ៊ីស្រាអែល នោះទេ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន HAARETZ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។
រដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល លោក Gabi Ashkenazi បានធ្វើការកោតសរសើរចំពោះ ការសម្រេចចិត្តនោះ ដោយមានប្រសាសន៍ថា វាជាការត្រួសត្រាយផ្លូវ សម្រាប់ការវិលត្រឡប់វិញ បន្តិចម្តងៗ ទៅរកកំណើនសេដ្ឋកិច្ចប្រក្រតីវិញ ក្រោយមានវិបត្តិមេរោគកូរូណា៕
ប្រែសម្រួល៖ប៉ាង កុង