ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ទៅអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាពីចំណងមិត្តភាព

" "

បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្ថាន លោក Imran Khan តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ នៅថ្ងៃសុក្រនេះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធយូរអង្វែង ប៉ុន្តែចំណងមិត្តភាពប្រែជាជាប់គាំង អស់រយៈពេលប៉ុន្មានខែថ្មីៗនេះ។

លោក Imran Khan ដែលត្រូវបានអញ្ជើញដោយ ព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Mohammed bin Salman នោះ នឹងធ្វើការពិភាក្សាគ្នាស្តីពី ចំណងមិត្តភាពទ្វេភាគី ក៏ដូចជាបញ្ហានៃចំណាប់អារម្មណ៍ ទូទៅទាំងក្នុងតំបន់ និងអន្តរជាតិ។

" "

នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធារបស់ប្រទេសប៉ាគីស្ថានបាននិយាយថា នៅមុនពេលការធ្វើដំណើរទៅដល់របស់លោក Imran Khan អគ្គមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Qamar Javed Bajwa បានធ្វើដំណើរទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត និងបានពិភាក្សាគ្នាជាមួយព្រះអង្គម្ចាស់ Mohammed bin Salman នៅព្រឹកថ្ងៃសុក្រនេះ។

" "

តាមសេចក្តីរាយការណ៍ សេចក្តីថ្លែងការណ៍មួយនិយាយថា “នៅក្នុងអំឡុងជំនួបគ្នា បញ្ហាផលប្រយោជន៍ទៅវិញទៅមក ស្ថានភាពសន្តិសុខក្នុងតំបន់ ដែលរួមទាំងដំណើរវិវត្តន៍ថ្មីៗ នៅក្នុងដំណើរការសន្តិភាពាអាហ្វហ្គានីស្ថាន កិច្ចការពារជាតិទ្វេភាគី សហប្រតិបត្តិការសម្រាប់សន្តិភាពក្នុងតំបន់ និងការភ្ជាប់ទំនាក់ទំនងគ្នា ត្រូវបានលើកយកមកពិភាក្សា” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top