ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃសុក្រនេះបានទទូច ដល់រដ្ឋាភិបាលជប៉ុន ឱ្យប្រឈមមុខ នឹងការព្រួយបារម្ភដ៏ធ្ងន់ធ្ងរ របស់សហគមន៍អន្តរជាតិ និងបញ្ឈប់រាល់សកម្មភាព ទាំងឡាយណា ដែលមានគ្រោះថ្នាក់ ដល់បរិស្ថាន សមុទ្រពិភពលោក និងសុខភាពសាធារណៈ និងសុវត្ថិភាពអន្តរជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលដែលត្រូវបានស្នើឱ្យ ធ្វើអត្ថាធិប្បាយ លើសំលេងប្រឆាំងជំទាស់ នឹងការសម្រេចចិត្ត របស់ជប៉ុន ក្នុងការបញ្ចេញទឹកកខ្វក់ ចេញពីរោងចក្រថាមពល នុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។
អ្នកនេសាទ មកពីសាធារណរដ្ឋកូរ៉េ កាលពីសប្តាហ៍មុន បានធ្វើបាតុកម្មប្រឆាំង នឹងសេចក្តីសម្រេចរបស់ជប៉ុន។ ក្រសួងការបរទេសវៀតណាម ក៏បានសង្កត់ធ្ងន់ ទៅលើសារៈសំខាន់ នៃតម្លាភាពការទទួលខុសត្រូវ និងសុវត្ថិភាពទាក់ទង នឹងបរិស្ថានសមុទ្រផងដែរ ហើយប្រទេសចិន ក៏បានបង្ហាញ ការព្រួយបារម្ភ របស់ខ្លួនម្តងហើយម្តងទៀត។
លោក Wang Wenbin បានលើកឡើងថា ការបញ្ចេញទឹកសំណល់ នុយក្លេអ៊ែរ ដែលបានជួបប្រទះការប្រឆាំង ជាទូទៅនៅក្នុងប្រទេសជប៉ុន មានការព្រួយបារម្ភ អំពីសុវត្ថិភាព នៃបរិស្ថានអេកូឡូស៊ី សមុទ្រពិភពលោក និងជីវិត និងសុខភាពរបស់ប្រជាជន នៅក្នុងប្រទេសទាំងអស់។
លោកបានអះអាងថា“ រហូតមកដល់សព្វថ្ងៃនេះ រដ្ឋាភិបាលជប៉ុន បានព្រងើយកន្តើយចំពោះទំនួលខុស ត្រូវកាតព្វកិច្ច និងសីលធម៌អន្តរជាតិ របស់ខ្លួន ហើយបានបដិសេធ មិនឆ្លើយតបដោយផ្ទាល់ ចំពោះកង្វល់ របស់សហគមន៍អន្តរជាតិ ឡើយ” ។
លោកបានទទូចដល់ ប្រទេសជប៉ុន ឱ្យទទួលយកដោយស្ម័គ្រចិត្ត នូវការចូលរួមយ៉ាងសំខាន់ ការផ្ទៀងផ្ទាត់ និងការត្រួតពិនិត្យ របស់សហគមន៍អន្តរជាតិ ជាពិសេសភាគីពាក់ព័ន្ធ លើបញ្ហានៃការបញ្ចេញ ទឹកកខ្វក់នុយក្លេអ៊ែរ៕
ដោយ ឈូក បូរ៉ា