ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ព្រួយបារម្ភពីភាពម៉ឺងម៉ាត់ របស់អ៊ីរ៉ង់ នៅក្នុងកិច្ចចរចាទីក្រុងវីយែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃសុក្រ បានលើកឡើងនូវ ការព្រួយបារម្ភ អំពីភាពឆេវឆាវរបស់អ៊ីរ៉ង់ នៅក្នុងកិច្ចពិភាក្សាទីក្រុងវីយែន ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ២០១៥ រស់ឡើងវិញ ដែលត្រូវបានគេស្គាល់ ជាផ្លូវការថា ជាផែនការសកម្មភាពរួម (JCPOA) ។

នៅពេលសួរ នៅសេតវិមាន ថាតើលោកគិតថាអ៊ីរ៉ង់ មានភាពម៉ឺងម៉ាត់ ចំពោះការចរចា ដែលកំពុងបន្តនៅវីយែន មែននោះលោក បៃដិន បានឆ្លើយតបថា “បាទ ប៉ុន្តែតើវាម៉ឺងម៉ាត់ប៉ុណ្ណា ហើយអ្វីដែលពួកគេបានរៀបចំធ្វើ គឺជារឿងខុសគ្នា”។

លេខាធិការសារព័ត៌មាន សេតវិមានលោកស្រី Jen Psaki ក្រោយមកនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃបានទទួលស្គាល់ថា មានការរីកចម្រើនមួយចំនួន នៅក្នុងកិច្ចពិភាក្សាជាច្រើន សប្តាហ៍កន្លងមកដោយបន្ថែមថា នេះជាសញ្ញាល្អ ដែលថាការចរចា កំពុងបន្ត។

ទន្ទឹមនឹងនេះលោកស្រី បានបញ្ជាក់ជាថ្មីថា “សហរដ្ឋអាមេរិក នឹងត្រៀមដកទណ្ឌកម្ម ដែលចាំបាច់សម្រាប់ការអនុលោមតាម JCPOA របស់យើងលុះត្រាតែអ៊ីរ៉ង់ បានត្រៀមប្រគល់ កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនទៅជា ស្ថានភាព JCPOA របស់ខ្លួនវិញ”។

លោកស្រីបានកត់សម្គាល់ថា “យើងនឹងមិនចូលទៅក្នុង ស្ថានភាពមួយ ដែលសហរដ្ឋអាមេរិក ធ្វើលើសពីអ្វីដែលបានទាមទារ ដោយកិច្ចព្រមព្រៀង JCPOA ទាក់ទងនឹង ការបន្ធូរបន្ថយទណ្ឌកម្ម ហើយអ៊ីរ៉ង់ធ្វើតិចជាងនេះ” ។

គួរបញ្ជាក់ថា កិច្ចចរចាលើកទី ៤ ជុំវិញសក្តានុពល​របស់សហរដ្ឋអាមេរិក ក្នុងការវិលត្រឡប់កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ បានចាប់ផ្តើមនៅទីក្រុងវីយែន កាលពីថ្ងៃសុក្រ។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស មួយរូប បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចសម្រេចបាន នូវការវិលត្រឡប់ ទៅវិញទៅមក ដើម្បីអនុលោមតាម កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ប្រសិនបើទីក្រុងតេអេរ៉ង់ ធ្វើការសម្រេចចិត្តនយោបាយ៕

ដោយ ឈូក បូរ៉ា

To Top