ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ប៉ាឡេស្ទីន ទាមទារឲ្យអ៊ីស្រាអែល ទទួលខុសត្រូវចំពោះ ភាពតានតឹង នៅយេរ៉ូសាឡឹម ខាងកើត

រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas នៅថ្ងៃសុក្រម្សិលមិញនេះ បានទាមទារឲ្យរដ្ឋាភិបាល អ៊ីស្រាអែល ទទួលខុសត្រូវ ចំពោះការកើនឡើង ភាពតានតឹង នាពេលបច្ចុប្បន្ន នៅទីក្រុងយេរ៉ូសាឡឹមខាងកើត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ ដែលចាក់ផ្សាយតាម ទូរទស្សន៍ ប៉ាឡេស្ទីន លោក Abbas បានឲ្យដឹងនៅក្នុងសុន្ទរកថា មួយតាមទូរទស្សន៍ ដែលផ្សាយតាមទូរទស្សន៍ប៉ាឡេស្ទីនថា “អ៊ីស្រាអែលទទួលខុសត្រូវ ទាំងស្រុង ចំពោះផលវិបាក នៃការវិវឌ្ឍន៍ដ៏គ្រោះថ្នាក់ ជាពិសេសការវាយលុក របស់អ៊ីស្រាអែល ដែលកើនឡើងលើ ប្រជាជនរបស់យើង នៅក្រុងយេរ៉ូសាឡឹមខាងកើត” ។

លោកប្រធានាធិបតី ក៏បានឲ្យដឹងផងដែរថា ប៉ាឡេស្ទីន នឹងស្នើសុំពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) ដើម្បីកោះប្រជុំឆាប់ៗនេះ ដើម្បីពិភាក្សាអំពីស្ថានភាព នៅក្រុងយេរ៉ូសាឡឹមខាងកើត។

កាលពីថ្ងៃសុក្រ ប្រភពព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន និងអ៊ីស្រាអែល បានឲ្យដឹងថា ការប៉ះទង្គិចគ្នាបានកើតឡើង រវាងអ្នកគោរពបូជា ប៉ាឡេស្ទីន និងប៉ូលីសអ៊ីស្រាអែល នៅវិហារអាល់ហ្សាសា នៅទីក្រុងចាស់ នៅយេរ៉ូសាឡឹមខាងកើត។

ប្រភពពីប៉ាឡេស្ទីន បានឲ្យដឹងថា កម្លាំងប៉ូលីសអ៊ីស្រាអែល បានសម្រុកចូលទីធ្លាវិហារ អ៊ីស្លាម អាល់ហ្សាសា ហើយបានបាញ់គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកការបួងសួង ដោយមនុស្សរាប់សិបនាក់ ដែលកំពុងធ្វើបាតុកម្មប្រឆាំង នឹងអ៊ីស្រាអែល៕

ដោយ ឈូក បូរ៉ា

To Top