Covid-19

វិភាគ៖ បារាំងចង់ប្រែក្លាយ វ៉ាក់សាំងបង្ការវីរុស Covid-19 ជាទ្រព្យសម្រាប់ពិភពលោក ប៉ុន្តែទំនងមិនអាចទៅរួច (Video)

ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ទី៩ ខែឧសភានេះ ក្នុងការបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំរបស់សហភាពមួយនេះ នៅទីក្រុង Porto ប្រទេសព័រទុយហ្កាល់ ដោយមេដឹកនាំមកពីប្រទេសនានា ជាសមាជិកបានចូលរួមក្នុងកិច្ចប្រជុំនេះ ។

ចេញសេចក្តីថ្លែងការណ៍របស់លោកស្រី Ursula von der Leyen បានបញ្ជាក់ថា សហភាពនេះ បានសម្រេចចិត្តផ្អាកការគាំទ្រដល់ប្រទេសបារាំង សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ដែលគាំទ្រអោយប្រែក្លាយវ៉ាក់សាំងបង្ការវីរុស Covid-19 ទៅជាទព្យសម្បត្តិរួមរបស់ពិភពលោក ។

សេចក្តីថ្លែងការណ៍របស់លោកស្រី Ursula von der Leyen ត្រូវបានធ្វើឡើងក្រោយពីប្រទេសប្រមាណជាង ៦០ប្រទេសនៅលើពិភពលោក បានស្នើដល់ប្រទេស និងក្រុមហ៊ុនដែលមានវ៉ាក់សាំងបង្ការវីរុស Covid-19 នៅពេលបច្ចុប្បន្ននេះ អោយព្យួរកម្មសិទ្ធបញ្ហារបស់ខ្លួនលើវ៉ាក់សាំងនេះ និងបើកឱកាសសម្រាប់ប្រទេសផ្សេងទៀតក្នុងការផលិត ។

សំណើររបស់ប្រទេសទាំងជាង៦០ គឺចង់អោយប្រទេសនានានៅលើពិភពលោក មានសហរដ្ឋអាមេរិក ប្រទេសចិន រុស្ស៊ី និងចក្រភពអង់គ្លេសជាដើម ដែលមានវ៉ាក់សាំងបង្ការវីរុសCovid-19 បើកសិទ្ធអោយក្រុមហ៊ុន សហគ្រាស ឬមន្ទីរពិសោធន៍នៅទូទាំងពិភពលោក អាចផលិតវ៉ាក់សាំងនេះបាន ដោយមិនគិតពីកម្មសិទ្ធិបញ្ហា ។

ពាក់ព័ន្ធនឹងសំណើនេះ ប្រធានាធិបតីរបស់ប្រទេសបារាំង លោក Emmanuel Macron បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា នៅពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងត្រូវការយ៉ាងខ្លាំង ចំពោះវ៉ាក់សាំងបង្ការវីរុសCovid-19 ដើម្បីបំពេញតម្រូវការក្នុងការកាត់បន្ថយ ការឆ្លងរាលដាលវីរុសនេះនៅក្នុងប្រទេសនានា មាននៅតំបន់អាស៊ី អឺរ៉ុប អាមេរិក និងអាហ្វ្រិកជាដើម ។

លោក Macron បានបន្ថែមថា ប្រសិនបើពិភពលោក មានវ៉ាក់សាំងបង្ការវីរុសCovid-19ជាទ្រព្យសម្បត្តិរូម ពិភពលោកនឹងរួមគ្នាផលិត អោយបានច្រើនក្នុងរយៈពេលខ្លី ដែលអាចប្រើប្រាស់វ៉ាកសាំងនេះ ទៅតាមតម្រូវការនៅក្នុងតំបន់ និងនៅទូទាំងពិភពលោក ដោយមិនចាំបាច់រង់ចាំចរចាទិញ និងរង់ចាំការផ្គត់ផ្គង់ពីប្រទេសតិចតួចនោះទេ ដែលនេះជាផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ប្រទេសដែលកំពុងមាន កំណើនឆ្លងរាលដាលវីរុសCovid-19កម្រិតខ្ពស់ ។

គោលដៅសំខាន់របស់លោកប្រធានាធិបតីបារាំង Emmanuel Macron គឺចង់អោយប្រទេសដែលមាន វ៉ាក់សាំងបង្ការវីរុស Covid-19 ផ្តល់រូមមន្តវ៉ាក់សាំង បណ្តុះបណ្តាលបុគ្គលិក និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងនេះ អោយទៅប្រទេសផ្សេងទៀត ដែលមានលទ្ធភាពផលិតក្នុងគោលដៅ បំពេញតម្រូវវ៉ាក់សាំងនៅក្នុងប្រទេសរបស់ខ្លួន និងនៅទូទាំងពិភពលោក ។

គំនិតផ្តួចផ្តើមចង់បានវ៉ាក់សាំង ជាទ្រព្យសម្បត្តិរួមពិភពលោក របស់ប្រធានាធិបតីបារាំង អង្គការសុខភាពពិភពលោក សហភាពអឺរ៉ុបនេះ និងប្រទេសជាង៦០នោះ ទំនងជាមិនបានទទួលជោគជ័យទេ ដោយសារប្រទេស និងក្រុមហ៊ុនដែលមានវ៉ាក់សាំងបង្ការវីរុស Covid-19 មិនឯកភាពអោយប្រទេស ឫក្រុមហ៊ុនផ្សេងផលិតនោះទេ ។

សាមីប្រទេសដែលមានវ៉ាក់សាំងបង្ការវីរុសCovid-19ព្រួយបារម្ភថា ប្រទេស ឬក្រុមហ៊ុននានា ដែលទទួលបានសិទ្ធិក្នុងការផលិតវ៉ាក់សាំងនេះ អាចនឹងបណ្តោយអោយបាត់បង់គុណភាព សុវត្ថិភាព និងប្រសិទ្ទភាពរបស់វ៉ាក់សាំងនេះនៅពេលខាងមុខ ដោយសារមិនមានវត្ថុធាតុដើម និងបច្ចេកវិទ្យាគ្រប់គ្រាន់សម្រាប់ផលិត ។

ម្យ៉ាងទៀត សាមីប្រទេស ឬក្រុមហ៊ុនដែលមានវ៉ាក់សាំងនេះ បានចំណាយធនធាន និងប្រាជ្ញាស្មារតីច្រើនណាស់ ទើបសម្រេចបានវ៉ាក់សាំងទៅតាមការចង់បាន ដូច្នេះ ការប្រគល់អោយទៅប្រទេសផ្សេង ឬក្រុមហ៊ុនផ្សេងជាអ្នកទទួលផលិតវ៉ាក់សាំងនេះ មិនមែនជាមធ្យោបាយល្អនោះទេ ហើយការលះបង់ពេលវេលា ធនធាន រួមទាំងប្រាជ្ញាស្មារតីរបស់ខ្លួន ហាក់ដូចជាមិនមានខ្លឹមសារប៉ុន្មានទេ បើបោះបង់ចោលកម្មសិទ្ធិបញ្ហា និងបើកដៃអោយក្រុមហ៊ុន ឬប្រទេសផ្សេងផលិតវ៉ាក់សាំងនេះ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយប្រទេសជាង ៦០នៅលើពិភពលោក ស្នើសុំអោយប្រទេសមានវ៉ាក់សាំងវីរុស Covid-19 លើកលែងកម្មសិទ្ធិបញ្ហា និងបើកដៃអោយខ្លួនផលិតវ៉ាក់សាំងនេះ គឺដោយសារតម្រូវការវ៉ាក់សាំងនេះ នៅតែកើនឡើងខ្ពស់ ប៉ុន្តែក្រុមហ៊ុន ឬប្រទេសដែលមានវ៉ាក់សាំងនេះ ផលិតមិនទាន់តម្រូវការ ។ ជាគោលដៅ ប្រទេសទាំងជាង៦០ រួមទាំងអង្គការសុខភាពពិភពលោក និងសហភាពអឺរ៉ុប ចង់បានវ៉ាក់សាំងមួយ ជាទ្រព្យសម្បត្តិរួមរបស់ពិភពលោក និងរួមគ្នាផលិតដើម្បីបំពេញតម្រូវការវ៉ាក់សាំងនៅទូទាំងពិភពលោក ដោយសារបច្ចុប្បន្ននេះ តម្រូវការមានខ្ពស់ ប៉ុន្តែការផលិតវ៉ាក់មិនអាចបំពេញតម្រូវការបានទេ ។

សូមបញ្ជាក់ជូនថា នៅពេលបច្ចុប្បន្ននេះ ប្រទេស៤នៅលើពិភពលោក បានស្រាវជ្រាវរកឃើញវ៉ាក់សាំងបង្ការវីរុសCovid-19ចំនួន៧ប្រភេទ គឺសហរដ្ឋអាមេរិកមាន៤ក្រុមហ៊ុន ចក្រភពអង់គ្លេសមាន១ក្រុមហ៊ុន ប្រទេសរុស្ស៊ីមាន១ក្រុមហ៊ុន និងប្រទេសចិនមាន២ក្រុមហ៊ុន ដែលកំពុងផលិតវ៉ាក់សាំងបង្ការវីរុសCovid-19 ។ ក្នុងចំណោមក្រុមហ៊ុនទាំង៧ ដែលមានផលិតផលវ៉ាក់សាំងបង្ការវីរុសCovid-19នោះ គឺមានក្រុមហ៊ុន AstraZeneca, Pfizer, Moderna, Johnson & Johnson, Sputnik V, Sinopharm និងក្រុមហ៊ុន Sinovac ។ សហរដ្ឋអាមេរិកមានក្រុមហ៊ុន៣ គឺ Pfizer, Moderna និងJohnson & Johnson ចក្រភពអង់គ្លេសមាន១ គឺក្រុមហ៊ុន AstraZeneca ប្រទេសរុស្ស៊ីមាន១ គឺក្រុមហ៊ុន Sputnik V និងប្រទេសចិនមាន២ក្រុមហ៊ុន គឺក្រុមហ៊ុន Sinopharm និង Sinovac ។ ចំពោះតម្លៃវ៉ាក់សាំងបង្ការវីរុសCovid-19របស់ក្រុមហ៊ុនទាំង៧នេះ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Moderna មានតម្លៃខ្ពស់ជាងគេ រហូតដល់ចន្លោះពី ២៥ទៅ៣៧ដុល្លារក្នុង១ដូស ហើយមនុស្សម្នាក់ត្រូវចាក់ ២ដូសទើបរួចរាល់ ។

បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដែលមានតម្លៃថ្លៃជាងគេ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer ដែលមានតម្លៃចន្លោះពី១៨ទៅ១៩ដុល្លារក្នុង១ដូស ហើយមនុស្សម្នាក់ត្រូវចាក់២ដូសដូចគ្នា ។ ដោយឡែកសម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca, Johnson & Johnson, Sputnik V, Sinopharm និងក្រុមហ៊ុន Sinovac គឺមានតម្លៃប្រហាក់ប្រហែលគ្នាក្នុងចន្លោះពី ៨ទៅ១២ដុល្លារអាមេរិកក្នុង១ដូស និងមនុស្សម្នាក់ត្រូវចាក់២ដូសដូចគ្នា លើកលែងតែវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ត្រូវចាក់តែ ១ដូសទេក្នុងមនុស្សម្នាក់ ៕

To Top