ព័ត៌មានអន្តរជាតិ

ស្លាប់០៧នាក់ នៅក្នុងអំពើបាញ់ប្រហារមួយ នៅក្នុងពិធីខួបកំណើត នៅរដ្ឋ Colorado សហរដ្ឋអាមេរិក

ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ថា ប៉ូលិសបាននិយាយ ថា មនុស្សពេញវ័យចំនួន ០៦នាក់បានស្លាប់ កាលពីព្រឹកថ្ងៃអាទិត្យ នៅគ្រាដែលជនសង្ស័យម្នាក់ បានបាញ់ប្រហារនៅកន្លែង ប្រារព្ធខួបកំណើតមួយនៅ Colorado Springs ដែលជាក្រុងមួយស្ថិតនៅរដ្ឋ Colorado សហរដ្ឋអាមេរិក ។ ប៉ូលិសបានបន្ថែមថា ជនសង្ស័យបានបញ្ចប់ជីវិតរបស់ខ្លួន នៅកន្លែងកើតហេតុ ។

មន្ត្រីប៉ូលិសប្រចាំក្រុង Colorado Springs បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយ កាលពីរសៀលថ្ងៃអាទិត្យថា ពួកគេ បានឆ្លើយតបទៅនឹងការហៅ ចូលដែលថា មានអំពើបាញ់ប្រហារ មួយកើតឡោះង នៅឧទ្យាន Canterbury Mobile Home Park ប្រហែលម៉ោង១២និង១៨នាទីព្រឹក ម៉ោងក្នុងស្រុក ។

សេចក្តីប្រកាសព័ត៌មានបានដាក់ថា “នៅពេលដែលមន្ត្រីប៉ូលិសបានមក ដល់កន្លែងកើតហេតុ មនុស្សពេញវ័យ ចំនួន០៦នាក់បានស្លាប់ និងម្នាក់ជាបុរស ដែលបានរងរបួសធ្ងន់ ដែលជាអ្នកត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យក្នុងស្រុក ដើម្បីព្យាបាលរបួសរបស់គាត់” ។

ប៉ូសិសក្រុងខាងលើបានឲ្យដឹងថា តាមការវិភាគដំបូង ដែលផ្អែកលើភស្តុតាង និងការធ្វើសម្ភាសន៍ ដំបូង ពួកគេជឿជាក់ថា ជាឧប្បត្តិហេតុ នៃការបាញ់ប្រហារដ៏ធំ ដែលបានកើតឡើង នៅគ្រាដែលមានពិធីខួបកំណើត ដែលបានធ្វើឡើង ដោយជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះទាំងនោះ ។

ជនសង្ស័យ ជាសង្សាររបស់ជនរងគ្រោះស្រីម្នាក់ ក្នុងចំណោមជនរងគ្រោះទាំងនោះ ហើយបានបើករថយន្តចូលទៅផ្ទះ បានដើរចូលខាងក្នុង និងចាប់ផ្តើមបាញ់ប្រហារមក លើពលរដ្ឋនៅឯពិធីខួបកំណើត នៅមុនពេលបញ្ចប់ជីវិតរបស់គេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top