បរទេស៖ មន្ត្រីនំាពាក្យកងកម្លាំងចម្រុះ មួយរូប បាននិយាយថា ការវាយប្រហារមួយ ធ្វើឡើងដោយប្រព័ន្ធស៊ើបការណ៍ ដែនអាកាស គ្មានមនុស្សបើក នៅថ្ងៃសៅរ៍នេះ បានផ្តោតគោលដៅ លើមូលដ្ឋានទ័ពអាកាស Ain al-Asad របស់អ៊ីរ៉ាក់ ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងលិច ជាទីតាំងប្រចាំការ របស់កងកម្លាំងអាមេរិក និងកងកម្លាំងអន្តរជាតិ ផ្សេងទៀត ប៉ុន្តែវាមិនបានបង្កឲ្យ មានអ្នករបួសនោះទេ។
លោកវរសេនីយ៍ឯក Wayne Marotto ជាមន្ត្រីនាំពាក្យ ឲ្យកងកម្លាំងចម្រុះ ដឹកនាំដោយអាមេរិក បាននិយាយថា ការវាយប្រហារនោះ កំពុងត្រូវបានស៊ើបអង្កេត ប៉ុន្តែថា របាយការណ៍បឋមលើកឡើងថា ការវាយប្រហារនោះ បានបង្កឲ្យមានការខូចខាតរោងផ្ទុកយន្តហោះ។
សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការចោទប្រកាន់ ចំពោះក្រុមកងកម្លាំងជីវពល ដែលគាំទ្រដោយអ៊ីរ៉ង់ ពីបទធ្វើការវាយប្រហារដោយគ្រាប់រ៉ុកកែតជាប្រក្រតី ទៅលើកងទ័ពរបស់ខ្លួន នៅក្នុងទឹកដីនៃប្រទេសអ៊ីរ៉ាក់។
តាមប្រភព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅពេលភ្លាមៗនេះ នៅមិនទាន់មានក្រុមណាមួយ ចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនៅថ្ងៃសៅរ៍នេះទេ។
ប្រែសម្រួល៖ប៉ាង កុង