ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់៖ កិច្ចចរចាលើកិច្ចព្រមព្រៀង នុយក្លេអ៊ែ អ៊ីរ៉ង់ ប្រើពេលយូរ តែមានអំណោយផល

បរទេស៖ នៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ លោក Heiko Maas បានមានប្រសាសន៍ថា ពេលវេលាគឺមានសារៈសំខាន់ ខ្លាំងណាស់ ក្នុងកិច្ចរចានៅទីក្រុងវីយែន ដើម្បីពិនិត្យពិចារណាឡើងវិញ អំពីកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ ហើយការពិភាក្សាគ្នានេះ មានរយៈពេលវែង ប៉ុន្តែធ្វើឡើងក្នុងបរិយាកាសល្អ។

តាមសេចក្តីរាយការណ៍ មន្ត្រីសហរដ្ឋអាមេរិក បានវិលត្រឡប់ទៅទីក្រុងវីយែន កាលពីសប្ដាហ៍មុន សម្រាប់កិច្ចពិភាក្សាប្រយោល ជុំទី៤មួយ ជាមួយប្រទេសអ៊ីរ៉ង់ ស្តីពីវិធីបន្តអនុវត្តវិញ តាមកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលអតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោនចេញ កាលពីឆ្នាំ២០១៨ បណ្ដាលឲ្យអ៊ីរ៉ង់ ចាប់ផ្តើមបំពាន លក្ខខណ្ឌក្នុងកិច្ចព្រមព្រៀង ក្នុងពេលប្រហែលមួយឆ្នាំក្រោយមក។

លោក Heiko Maas បានថ្លែងនៅពេលជួបជាមួយ សមភាគី សហភាពអឺរ៉ុប នៅក្នុងទីក្រុងព្រួចសែលយ៉ាងដូច្នេះថា “កិច្ចពិភាក្សាគ្នា មានភាពតានតឹងនិងហត់នឿយ ប៉ុន្តែអ្នកចូលរួមទាំងអស់ កំពុងតែធ្វើការ ពិភាក្សាគ្នា ក្នុងបរិយាកាសមាន អំណោយផលល្អ”។

លោករដ្ឋមន្ត្រីករបរទេស អាល្លឺម៉ង់ រូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា “ប៉ុន្តែពេលវេលាកំពុងតែអស់ទៅ។ យើងមានគោលដៅ ស្តារឡើងវិញ ទាំងស្រុង នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ ព្រោះនេះជាផ្លូវ តែមួយគត់ ដើម្បីធានាថា ប្រទេសអ៊ីរ៉ង់នឹងមិនអាចសម្រេចបាន អាវុធនុយក្លេអ៊ែ”៕

ប្រែសម្រួល៖ប៉ាង កុង

To Top