បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃចន្ទនេះបានមានប្រសាសន៍ថា លោកមើលឃើញឆ្នាំចុងក្រោយ ក្នុងតំណែងរបស់លោក ថាជាឱកាសចុងក្រោយ ដើម្បីសម្រេចបាន សន្តិភាពយូរអង្វែង ជាមួយប្រទេសកូរ៉េខាងជើង និងថាវាជាពេលត្រូវចាត់វិធានការ ស្របពេលកិច្ចពិភាក្សា ជាប់គាំង ជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែ និងមីស៊ីល របស់ទីក្រុងព្យុងយ៉ាង។
តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ការថ្លែងបែបនេះរបស់លោក មូន នៅក្នុងសុន្ទរកថា ក្នុងឆ្នាំទី៤ នៃការកាន់តំណែង ជាប្រធានាធិបតីរបស់លោកនេះ គឺត្រូវបានធ្វើឡើង នៅមុនជំនួបកំពូលដំបូងមួយ របស់លោក ជាមួយលោកប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន នៅក្នុងទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី២១ ខែឧសភានេះ។
លោកប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ត្រូវបានគេរំពឹងថា នឹងជំរុញសហរដ្ឋអាមេរិក ឲ្យប្រឹងប្រែងស្វះស្វែងជំរុញកូរ៉េខាងជើង ឲ្យងាកមករកតុចរចា បើទោះជាលោក បៃដិន បង្ហាញពីចំណាប់អារម្មណ៍តិចតួច ក្នុងការធ្វើបញ្ហាកូរ៉េខាងជើង ឲ្យជាអាទិភាពកំពូលក៏ដោយ។
លោក មូន ជេអ៊ីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំនឹងពិចារណាចាត់ទុកមួយឆ្នាំ ដែលនៅសេសសល់ នៃអាណត្តិរបស់ខ្ញុំ ថាជាឱកាសចុងក្រោយ ដើម្បីផ្លាស់ប្តូរពីសន្តិភាពមិនពេញលេញ ឆ្ពោះទៅរកសន្តិភាពមួយ ដែលមិនអាចប្រែប្រួលបាន។ ក្នុងពេលបច្ចុប្បន្ននេះ ពេលវេលាសម្រាប់ការពិភាក្សាគ្នាវែងឆ្ងាយ ក៏នឹងឈានដល់ទីបញ្ចប់ គឺវាជាពេលត្រូវចាត់វិធានការ”៕
ប្រែសម្រួល៖ប៉ាង កុង