ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ ប្រកាសឈប់បាញ់ គ្នា៣ថ្ងៃ សម្រាប់ពិធីបុណ្យ Eid

បរទេស៖ ក្រុមប្រដាប់អាវុធ តាលីបង់ តាមសេចក្តីរាយការណ៍ បានប្រកាសឈប់បាញ់គ្នា៣ថ្ងៃ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីប្រារព្ធធ្វើពិធីបុណ្យ Eid al-Fitr នៅក្នុងសប្ដាហ៍នេះ ក្រោយរយៈពេល ត្រឹមតែពីរថ្ងៃ បន្ទាប់ពីរដ្ឋាភិបាល ថ្កោលទោស ពួកបះបោរ ពីបទបំផ្ទុះគ្រាប់បែក នៅក្រៅសាលាមួយ ស្លាប់មនុស្សជាង៥០នាក់ ភាគច្រើនជាក្មេងស្រី។

ពួកតាលីបង់ បាននិយាយថា ខ្លួននឹងឈប់បាញ់គ្នារយៈពេល៣ថ្ងៃ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន សម្រាប់ពិធីបុណ្យ សាសនាមូស្លីម Eid ដែលចាប់ផ្តើមនៅក្នុងសប្ដាហ៍នេះ ក្រោយរយៈពេលប៉ុន្មានសប្ដាហ៍ ដែលមានអំពើហិង្សា កើនឡើង នៅក្នុងប្រទេស។

មន្ត្រីនាំពាក្យពួកតាលីបង់ មួយរូប បាននិយាយលើបណ្ដាញសង្គម ធ្វីតធើ នៅថ្ងៃចន្ទនេះថា “ដើម្បីឲ្យ Mujahideen ផ្តល់បរិយាកាសសន្តិភាព និងសន្តិសុខជាថ្មី ចំពោះជនរួមជាតិរបស់យើង នៅក្នុងអំឡុងពិធីបុណ្យ Eid al Fitr នោះ ពួកគេនឹងធ្វើពិធីអបអរឱកាសដ៏គួររីករាយនេះ រាល់ Mujahideen ទាំងអស់ ត្រូវបានណែនាំឲ្យផ្អាកធ្វើប្រតិបត្តិការវាយលុកគ្រប់ទម្រង់”។

គួរបញ្ជាក់ថា តាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន TRT World នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ពិធីបុណ្យ Eid នោះ នឹងចាប់ផ្តើមនៅថ្ងៃពុធឬក៏ថ្ងៃព្រហស្បតិ៍ ក្នុងសប្ដាហ៍នេះ ដោយអាស្រ័យ ការមើលឃើញនៃព្រះចន្ទ៕

ប្រែសម្រួល៖ប៉ាង កុង

To Top