ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ ទទួលស្គាល់ថា មិនអាចរកឃើញវីរុសកូវីដ- ១៩ ដើមកំណើតនៅឥណ្ឌា រហូតដល់មន្ទីរពិសោធន៍ សាកល្បងថ្មី ត្រូវបានបង្កើតឡើង

បាកដាដ ៖ អាជ្ញាធរសុខាភិបាលអ៊ីរ៉ាក់ បានឲ្យដឹងថា មន្ទីរពិសោធន៍អ៊ីរ៉ាក់ មិនមានលទ្ធភាព កំណត់អត្តសញ្ញាណ មេរោគឆ្លងពីរប្រភេទ ដែលត្រូវបានរកឃើញ នៅក្នុងប្រទេសឥណ្ឌានោះទេ រហូតទាល់តែមន្ទីរពិសោធន៍ថ្មីមួយ ត្រូវបានបង្កើតឡើង ។

លោក Riyadh Abdul-Amir ប្រធានមន្ទីរសុខាភិបាល សាធារណៈរបស់ក្រសួង បានប្រាប់ទីភ្នាក់ងារព័ត៌មាន ផ្លូវការអ៊ីរ៉ាក់ថា មេរោគដែលរកឃើញ នៅប្រទេសឥណ្ឌា មិនអាចកំណត់ អត្តសញ្ញាណបាននោះទេ រហូតទាល់តែមន្ទីរពិសោធន៍ ហ្សែនថ្មី សម្រាប់វីរុសត្រូវបាន បញ្ចប់ក្នុងរយៈពេលពីរខែ ។

លោក Abdul-Amir បានកត់សំគាល់ថា “ យើងនៅតែមិនដឹងថា តើវ៉ាក់សាំង មានប្រសិទ្ធិភាពនោះទេ ប៉ុន្តែការទទួលថ្នាំបង្ការ នៅតែជាជំរើសល្អបំផុត សម្រាប់ពលរដ្ឋ” ។

ទន្ទឹមនឹងនេះសេចក្តីថ្លែង ការណ៍មួយ របស់ក្រសួងសុខាភិបាលអ៊ីរ៉ាក់ បានរាយការណ៍អំពីករណី ឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤,៩០២ ដែលបង្កើនចំនួនឆ្លង ទូទាំងប្រទេស កើនឡើងដល់ ១,១១៧,៦២៧ ។

ក្រសួងក៏បានរាយការណ៍ អំពីចំនួនអ្នកស្លាប់ថ្មីៗនៃជំងឺកូវីដ -១៩ ចំនួន ២៩នាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១៥,៨០០ នាក់ ខណៈអ្នកកំពុងសង្គ្រោះនៅអ៊ីរ៉ាក់ កើនឡើង ៦,២៣៧ នាក់ដល់ ១,០១១,៦០៦ នាក់។

ការធ្វើតេស្តសរុបចំនួន ៩,៧០៧,៥២៧ ត្រូវបានអនុវត្ត នៅទូទាំងប្រទេស ចាប់តាំងពីមានការផ្ទុះឡើង នៃជំងឺនេះ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២០ ដែលមានចំនួន ៣៤,៣១៥ ត្រូវបានធ្វើឡើង ជារៀងរាល់ថ្ងៃ។

ប្រទេសអ៊ីរ៉ាក់ បានជំរុញការចាក់វ៉ាក់សាំងរបស់ខ្លួន បន្ទាប់ពីអាជ្ញាធរ ឱសថជាតិរបស់ខ្លួន បានអនុម័តការប្រើប្រាស់ ជាបណ្តោះអាសន្ននៃវ៉ាក់សាំងស Sinopharm របស់ចិន និងវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ផ្សេងទៀត៕
ដោយ ឈូក បូរ៉ា

To Top