ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត២០នាក់ ក្រោយពីអ៊ីស្រាអ៊ែល វាយប្រហារតាមដែន អាកាស ចូលតំបន់ហ្គាហ្សា ស្ទ្រីប

យេរ៉ូសាឡឹម ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ថា ប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារ តាមដែនអាកាស ចូលក្នុង តំបន់ហ្គាហ្សា ស្ទ្រីប (Gaza)កាលពីថ្ងៃចន្ទ ដែលជាការឆ្លើយតប ទៅនឹងការផ្លោងគ្រាប់រ៉ុក្កែត ដោយក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀត ស្របពេលមានការអំពើហិង្សា កើតឡើងនៅព្រះវិហារ Al-Aqsa Mosque នៅយេរ៉ូសាឡឹម ដែលគេស្គាល់ថា ប្រាសាទភ្នំ ។

យ៉ាងហោចណាស់មនុស្ស២០នាក់ ត្រូវបានសម្លាប់ ក្នុងនោះរាប់ទាំងកុមារចំនួន០៩នាក់ និងមេបញ្ជាការជាន់ខ្ពស់ របស់ក្រុមហាម៉ាស់ម្នាក់ផងដែរ និងអ្នកផ្សេងទៀតចំនួន៦៥នាក់បានរងរបួស ក្រុមអាជ្ញាធរ Gaza បាននិយាយដូច្នេះ ។

លោក បេហ្សាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានព្រមានថា ក្រុមហាម៉ាស់ ដែលបានឆ្លងកាត់ “ខ្សែបន្ទាត់ក្រហម” ដោយតម្រង់មីស៊ីលទៅមុខយេរ៉ូសាឡឹម និងថា រដ្ឋជ្វីស នឹង “ឆ្លើយតបវិញដោយកងកម្លាំង” ។

លោក ណេតាន់យ៉ាហ៊ូ បានថ្លែងនៅក្នុងកិច្ចប្រជុំ ជាមួយប្រមុខយោធា និងទីភ្នាក់ងារសន្តិសុខ Shin Bet “យើងនឹងមិនអត់ឳន ចំពោះការវាយប្រហារមកលើទឹកដី របស់យើង រដ្ឋធានីរបស់យើង ពលរដ្ឋរបស់យើង និងកងទ័ពរបស់យើងឡើយ ។ អ្នកដែលធ្វើការវាយប្រហារ មកលើយើងទំាងនោះ នឹងត្រូវបង់ការពិភ័យយ៉ាងធ្ងន់បំផុត ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top