បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារនេះ បានដាក់សំណើច្បាប់ដល់រដ្ឋសភា ដើម្បីធ្វើឲ្យជាផ្លូវការនូវការដកប្រទេសរុស្ស៊ី ចេញពីសន្ធិសញ្ញាជើងមេឃចំហ ដែលជាកិច្ចព្រមព្រៀងមួយ អនុញ្ញាតឲ្យយន្តហោះចារកម្ម គ្មានអាវុធហោះហើរ លើប្រទេសជាសមាជិក។
សហរដ្ឋអាមេរិក បានដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធជើងមេឃចំហនិងត្រួតពិនិត្យអាវុធនោះ នៅក្នុងខែវិច្ឆិកា ជាទង្វើមួយចុងក្រោយមួយរបស់លោក ដូណាល់ ត្រាំ ក្នុងពេលជាប្រធានាធិបតី។ ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់រុស្ស៊ី ពីបទល្មើសនឹងកិច្ចព្រមព្រៀងនោះ ជារឿងមួយដែលទីក្រុងមូស្គូបានបដិសេធ។ នៅក្នុងខែមករា រុស្ស៊ីបាននិយាយថា ខ្លួនក៏នឹងដកខ្លួនចេញពីសន្ធិសញ្ញានោះដែរ។
មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃអង្គារនេះថា ហេតុផលមួយក្នុងចំណោម ហេតុផលនៅក្រោយ ការគ្រោងដកខ្លួនរបស់រុស្ស៊ីនោះ គឺថា សហរដ្ឋអាមេរិក នៅតែអាចទទួល បានព័ត៌មាននានា តាមរយៈសន្ធិសញ្ញាជើងមេឃចំហ ពីសម្ពន្ធមិត្តណាតូ។
តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Us News បានឲ្យដឹងថា ឯកសារនៅលើគេហទំព័ររដ្ឋសភារុស្ស៊ី បានបង្ហាញថា លោក ពូទីន នៅថ្ងៃអង្គារនេះ បានប្រគល់ឯកសារ ឲ្យទៅរដ្ឋសភា ស្នើឲ្យប្រទេសរុស្ស៊ីដកខ្លួនចេញ ពីសន្ធិសញ្ញានោះ៕
ប្រែសម្រួល៖ប៉ាង កុង