ព័ត៌មានអន្តរជាតិ

នាវាយោធា អាមេរិកបាញ់ព្រមាន៣គ្រាប់ ក្រោយជួបជាមួយ នាវាអ៊ីរ៉ង់

បរទេស៖មន្ទីរបញ្ចកោណ បាននិយាយថា នាវាកងកម្លាំងការពារ ដែនសមុទ្រ អាមេរិកមួយគ្រឿង បានបាញ់ព្រមានប្រហែល៣គ្រាប់ ក្រោយនាវា១៣គ្រឿង មកពីទ័ពជើងទឹក នៃកងកម្លាំង ការពារបដិវត្តន៍ ឥស្លាម អ៊ីរ៉ង់ ធ្វើដំណើរចូលមកជិតខ្លួន និងនាវាទ័ពជើងទឹក អាមេរិក ផ្សេងទៀត នៅច្រកសមុទ្រ Hormuz។

តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នេះគឺជាលើកទីពីរហើយ ដែលនាវាយោធាសហរដ្ឋអាមេរិក បានសម្រេចចិត្តបាញ់ព្រមាន ព្រោះតែអ្វីដែលពួកគេនិយាយថា ជាឥរិយាបថគ្មានសុវត្ថិភាពធ្វើឡើងដោយនាវាអ៊ីរ៉ង់ នៅក្នុងតំបន់។

មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានមានប្រសាសន៍ថា ការបាញ់ព្រមាននេះ គឺត្រូវបានធ្វើឡើង ក្រោយនាវាល្បឿនលឿនអ៊ីរ៉ង់ ធ្វើដំណើរចូលមកជិតនាវាយោធាអាមេរិក៦គ្រឿង ដែលរួមមានទាំងនាវា USS Monterey ធ្វើដំណើរអមនាវាមុជទឹកសមត្ថភាពមីស៊ីល Georgia។

គួរបញ្ជាក់ថា នៅក្នុងខែមេសាកន្លងទៅ នាវាយោធាសរហដ្ឋអាមេរិកមួយគ្រឿង បានបាញ់ព្រមានជាច្រើនគ្រាប់ ក្រោយនាវាអ៊ីរ៉ង់៣គ្រឿង មកពីកងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ ធ្វើដំណើរចូលមកជិតខ្លួន និងនាវាល្បាតអាមេរិក មួយគ្រឿងផ្សេងទៀត នៅក្នុងតំបន់ឈូងសមុទ្រ៕

ប្រែសម្រួល៖ប៉ាង កុង

To Top