ព័ត៌មានអន្តរជាតិ

ថៃ ស្វែងរកដំណោះស្រាយមនុស្សធម៌ សម្រាប់ការឃុំខ្លួន អ្នកសារព័ត៌មានមីយ៉ាន់ម៉ា

បាងកក៖ ក្រសួងការបរទេសថៃ បានឲ្យដឹងថា ខ្លួនកំពុងស្វែងរកដំណោះស្រាយ“ មនុស្សធម៌” ចំពោះករណីអ្នកកាសែតមីយ៉ាន់ម៉ា ៣ នាក់ និងសកម្មជនពីរនាក់ ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពី បានភៀសខ្លួនឆ្លងព្រំដែន ដើម្បីគេចពីការបង្ក្រាបរបស់យោធា ទៅលើក្រុមប្រឆាំង។

អ្នកទាំង៣ ធ្វើការឱ្យវិទ្យុសម្លេងប្រជាធិបតេយ្យភូមា ដែលជាស្ថាប័នផ្សាយឯករាជ្យ ដែលបានរិះគន់រដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈដែលបានបណ្តេញរដ្ឋាភិបាល ជាប់ឆ្នោតដឹកនាំដោយលោកស្រី អ៊ុង សាន ស៊ូជី ដែលត្រូវបានឃុំខ្លួនឥឡូវនេះផងដែរ។

កាលពីថ្ងៃទីផ៨ ខែមីនា របបយោធាបានដកហូតអាជ្ញាប័ណ្ណផ្សាយ ឬផ្សព្វផ្សាយអាជ្ញាប័ណ្ណរបស់ ស្ថាប័នសារព័ត៌មានឯករាជ្យចំនួន ៥ ក្នុងនោះមានវិទ្យុ DVB ផងដែរធ្វើឱ្យការរាយការណ៍ សម្រាប់បណ្តាញនេះជាសកម្មភាពខុសច្បាប់។

កាលពីថ្ងៃច័ន្ទ នាយកប្រតិបត្តិវិទ្យុ និងជាប្រធាននិពន្ធរបស់វិទ្យុ DVB លោក Aye Chan Naing បានចេញសេចក្តីថ្លែងការណ៍ យ៉ាងទទូចដល់អាជ្ញាធរថៃ កុំឲ្យនិរទេសជនជាប់ឃុំទាំង ៥ នាក់ត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ “ព្រោះថាជីវិតរបស់ពួកគេនឹងស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ ប្រសិនបើពួកគេត្រូវវិលត្រឡប់” ។

លោកបានលើកឡើងថា“ យើងស្នើសុំឱ្យសហគមន៍អន្តរជាតិ ជួយអំពាវនាវដល់អាជ្ញាធរថៃ ឱ្យលើកលែងការនិរទេសពួកគេ” ខណៈពេលដែលកំពុងស្វែងរកជំនួយ ពីការិយាល័យឧត្តមស្នងការទទួលបន្ទុក ជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។

កាលពីថ្ងៃអង្គារក្លឹប អ្នកឆ្លើយឆ្លងព័ត៌មានបរទេសនៃប្រទេសថៃ ក៏បានទទូចដល់អាជ្ញាធរថៃ មិនឱ្យនិរទេសពួកគេ ដោយព្រមានថា ពួកគេនឹងប្រឈមមុខនឹងការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញបន្ថែមទៀត៕

ដោយ ឈូក បូរ៉ា

To Top