ព័ត៌មានអន្តរជាតិ

តួកគី អំពាវនាវ​ឲ្យ ពួកមូស្លីមបង្ហាញ គោលជំហររច្បាស់លាស់ ជុំវិញបញ្ហា តំបន់ហ្គាហ្សា

បរទេស ៖ អនុប្រធានាធិបតីតួកគី លោក Fuat Oktay បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា បណ្ដាប្រទេសមូស្លីម ត្រូវតែបង្ហាញគោលជំហរ រួបរួមគ្នាច្បាស់លាស់ ជុំវិញជម្លោះ របស់ប្រទេសអ៊ីស្រាអែល ជាមួយចលនា ពួកឥស្លាមហាម៉ាស ដោយលោកធ្វើការរិះគន់ ចំពោះមហាអំណាចពិភពលោក សម្រាប់ការថ្កោលទោសអំពើហិង្សា តែមិនចាត់វិធានការ ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រោយពិធីបួងសួងពេលព្រឹក សម្រាប់ការបញ្ចប់ ខែដ៏ពិសេដ្ឋ របស់មូស្លីម ដែលហៅថា Ramadan នោះ លោក Oktay បាននិយាយប្រាប់អ្នក សារព័ត៌មានដូច្នេះថា “អ្វីដែលយើងចង់បាននោះ គឺថា វិធានការត្រូវបានធ្វើឡើង” ។

លោកអនុប្រធានាធិបតីរូបនេះ បានប្រសាសន៍ប្រាប់ថា “មានការសម្រេចចិត្តត្រូវបានធ្វើឡើង ម្តងហើយម្តងទៀត នៅអង្គការសហប្រជាជាតិ គឺមានការថ្កោលទោស ប៉ុន្តែជាអកុសល គ្មានលទ្ធផលសម្រេចបាននោះទេ ព្រោះតែគ្មានគោលជំហរច្បាស់លាស់មួយ ត្រូវបានបង្ហាញនោះទេ” ។

គួរបញ្ជាក់ថា នៅក្នុងជម្លោះប៉ុន្មានថ្ងៃនេះ ពួកហាម៉ាស បានបាញ់គ្រាប់រ៉ុកកែតជាច្រើនគ្រាប់ ទៅលើក្រុងនានារបស់ប្រទេសអ៊ីស្រាអែល ហើយអ៊ីស្រាអែលវិញ ក៏បានបើកការវាយប្រហារ តាមអាកាស ទៅលើចលនាក្រុមឥស្លាមនេះផងដែរ នៅក្នុងតំបន់ហ្គាហ្សា៕
ប្រែសម្រួល៖ប៉ាង កុង

To Top