Covid-19

វៀតណាម ប្រឈមមុខនឹង ករណីអ្នកជំងឺកូវីដ១៩ មិនលេចរោគសញ្ញា

បរទេស៖ ប្រហែល ៦០ ភាគរយនៃករណីឆ្លងវីរុសកូរ៉ូណា នៅក្នុងការផ្ទុះឡើងចុងក្រោយបង្អស់ នៅក្នុងប្រទេសវៀតណាម គឺមិនលេចរោគសញ្ញា ដែលនេះបានបង្កជាបញ្ហាប្រឈម បន្ថែមទៀតដល់ការខិតខំតាមដាន និង ពិនិត្យរកវីរុសរបស់ប្រទេសនេះ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកជំងឺ Covid-19 ប្រមាណ ១ ០០០ នាក់កំពុងត្រូវបានព្យាបាល នៅតាមមណ្ឌលវេជ្ជសាស្រ្តចំនួន ៥០ កន្លែងនៅទូទាំងប្រទេសវៀតណាម ដោយមន្ទីរពេទ្យជាតិហាណូយ សម្រាប់ជំងឺតំបន់ត្រូពិក ត្រូវបានរាំងខ្ទប់ដោយសារតែ ជាចំណុចក្តៅដ៏ធំមួយ។ ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ថា ប្រហែលពាក់កណ្តាលនៃករណីឆ្លងទាំងនេះ គឺអ្នកជំងឺមិនលេចរោគសញ្ញា។

លោកង្វៀនវ៉ាន់គិញ ដែលជាផ្នែកមួយនៃ ក្រុមអ្នកជំនាញដែលទទួលខុសត្រូវ ចំពោះការធ្វើរោគវិនិច្ឆ័យនៃអ្នកជំងឺ Covid-19 បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការដែលមិនលេចចេញរោគសញ្ញា គឺជាបញ្ហាប្រឈមសម្រាប់ ដំណើរការពិនិត្យនៅតាមមន្ទីរពេទ្យ។

គាត់បាននិយាយថា មានករណីជាច្រើនដែល សូម្បីតែការស្កេនដោយកាំរស្មី X ទៅលើសួត ក៏មិនបង្ហាញពីស្ថានភាព នៃការឆ្លងរបស់អ្នកជំងឺនោះដែរ។

លោកង្វៀនហុងហា អនុប្រធានសមាគមជំងឺឆ្លង វៀតណាមបាននិយាយថា ករណីមិនលេចរោគសញ្ញា ធ្វើឱ្យការរកឃើញមានការពិបាក ជាពិសេសដោយសារតែការធ្វើតេស្ត Covid-19 មិនបានកំណត់អត្តសញ្ញាណករណីវិជ្ជមាន ក្នុងកំឡុងពេលព្យាយាមពីរបីលើកដំបូង ដែលធ្វើឱ្យដំណើរការរកអ្នកឆ្លងវីរុស មាន“ ការលំបាកខ្លាំង” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top