កាហ្សា៖ ចំនួនប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់នៅក្នុង ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់កាហ្សាស្ទ្រីប បានកើនឡើងដល់ ១០៣ នាក់ កាលពីថ្ងៃព្រហស្បតិ៍ ខណៈការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតែបន្តឥតឈប់ឈរ។
ចំនួនអ្នកស្លាប់រួមមានកុមារ ២៧ នាក់ និងស្ត្រី ១១ នាក់ ខណៈដែល ៥៨០ នាក់ផ្សេងទៀតបានរងរបួស ដោយសារការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល និងការបាញ់ផ្លោងកាំភ្លើងធំ នៅលើឆ្នេរសមុទ្រប៉ាឡេស្ទីន ចាប់តាំងពីថ្ងៃច័ន្ទ នេះបើយោងតាមក្រសួងសុខាភិបាល គ្រប់គ្រងដោយចលនាតស៊ូអ៊ីស្លាម (ហាម៉ាស) ។

នៅល្ងាចថ្ងៃព្រហស្បតិ៍ក្រុម ប្រដាប់អាវុធរបស់ហាម៉ាស ដែលត្រូវបានគេស្គាល់ថា ជាកងពលតូច al-Qassam និងក្រុមសកម្មប្រយុទ្ធដែលមិនសូវមាន ឥទ្ធិពលបានបាញ់រ៉ុក្កែត ជាច្រើនគ្រាប់ចេញពីតំបន់កាហ្សាស្ទ្រីប ចូលប្រទេសអ៊ីស្រាអែល។
សាក្សីដែលបានឃើញហេតុការណ៍ ផ្ទាល់ភ្នែកបានឲ្យដឹងថា យោធាអ៊ីស្រាអែលនៅពេលរសៀល បានបង្កើនការវាយប្រហារ តាមអាកាសនិងដីរបស់ខ្លួន នៅក្នុងទីប្រជុំជនប៊ីតហាននួន និងតំបន់ចាបាលី នៅភាគខាងជើងតំបន់កាហ្សា ដែលបណ្តាលឲ្យប្រជាជន ប៉ាឡេស្ទីនយ៉ាងហោចណាស់ ១១ នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស។
កងពលតូច al-Qassam បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួន បានបាញ់រ៉ុក្កែតជាង ១៧០០ គ្រាប់នៅឯភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ចាប់តាំងពីថ្ងៃចន្ទ។
ជាមួយគ្នានេះអ្នកនាំពាក្យយោធាអ៊ីស្រាអែល បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានវាយប្រហារគោលដៅ ៧៥០ ផ្សេងគ្នានៅតំបន់កាហ្សាស្ទ្រីប ចាប់តាំងពីការប្រយុទ្ធ បានចាប់ផ្តើមកាលពីថ្ងៃច័ន្ទ ៕
ដោយ ឈូក បូរ៉ា
