ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប-រុស្ស៊ី ជំរុញឲ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារបង្ហូរឈាម លើតំបន់កាហ្សា

គ៊ែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry បានជួបសន្ទនាតាមទូរស័ព្ទជាមួយ សមភាគីរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃព្រហស្បតិ៍ ដែលអ្នកទាំងពីរបានឯកភាពថាអ៊ីស្រាអែល គួរតែបញ្ឈប់ការវាយប្រហារបង្ហូរឈាមរបស់ខ្លួន ទៅលើតំបន់កាហ្សា។

រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្រ្តីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់នៃបទឈប់បាញ់ពេញលេញ ដើម្បីការពារអាយុជីវិត និងផ្តល់ឱកាសសម្រាប់កិច្ចប្រឹងប្រែង ខាងនយោបាយ។

យោងតាមក្រសួងសុខាភិបាល គ្រប់គ្រងដោយមេដឹកនាំហាម៉ាសរបស់កាហ្សា បានឲ្យដឹងថាចាប់តាំងពីថ្ងៃច័ន្ទ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើដែនដីប៉ាឡេស្ទីន ដែលព័ទ្ធជុំវិញនោះបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ជាង ១០០នាក់ និង ៤៨៧ នាក់ផ្សេងទៀតរងរបួសភាគច្រើនជាជនស៊ីវិល។ ជាមួយគ្នានេះដែរកងទ័ពអ៊ីស្រាអែល បានឲ្យដឹងថាគ្រាប់រ៉ុក្កែតដែលបាញ់ចេញពីតំបន់កាហ្សា បានសម្លាប់ប្រជាជនអ៊ីស្រាអែល យ៉ាងតិច ៧ នាក់។

ការប្រយុទ្ធបានចាប់ផ្តើមបន្ទាប់ពីប៉ុន្មានសប្តាហ៍ នៃភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅយេរ៉ូសាឡឹមខាងកើត នៅកន្លែងសក្ការៈបូជាដែលត្រូវបានគោរព និងទាមទារដោយភាគីទាំងពីរ។

លោក Shoukry និងលោក Lavrov បានលើកឡើងថា ដំណោះស្រាយនយោបាយ ចំពោះជម្លោះអ៊ីស្រាអែល – ប៉ាឡេស្ទីន គឺពិតជា “មិនអាចខ្វះបាន និងមិនអាចផ្លាស់ប្តូរបាន” ដោយទទូចឱ្យសហគមន៍អន្តរជាតិធ្វើសកម្មភាពដោយស្មោះដើម្បីទទួលបាន “សន្តិភាពពិតប្រាកដ និងយុត្តិធម៌” រវាងភាគីទាំងពីរ៕ ដោយ ឈូក បូរ៉ា

To Top