ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ថា ភាពតានតឹងរវាងអ៊ីស្រាអ៊ែល និងក្រុមចលនាឥស្លាមហាម៉ាស់ បានបន្ត ៥ថ្ងៃជាប់គ្នាកាលពីថ្ងៃសុក្រ នៅតំបន់ហ្គាហ្សា ស្ទ្រីប ដោយមិនមានសញ្ញា ឈប់បាញ់គ្នានៅឡើយទេ។
កាលពីពេលយប់ និងនៅជិតភ្លឺ អំពើហិង្សាដោយយោធា បានកើតឡើងរវាងភាគីជម្លោះទាំងសង្ខាង ។ ក្រុមសកម្មប្រយុទ្ធបានបាញ់គ្រាប់រ៉ុក្កែត ជាច្រើនគ្រាប់ចូលក្នុងទឹកដីអ៊ីស្រាអ៊ែល និងយន្តហោះប្រតិកម្មរបស់អ៊ីស្រាអ៊ែល បានរក្សាការទម្លាក់គ្រាប់តាមផ្លូវអាកាស មកលើទីតាំងនៅជុំវិញតំបន់នោះ ។
ក្រសួងសុខាភិបាលដែលគ្រប់គ្រង ដោយហាម៉ាស់បានឲ្យដឹង នៅក្នុងសារលិខិតមួយថា ជនជាតិប៉ាឡេស្ទីនចំនួន ១២២នាក់ត្រូវបានសម្លាប់ ក្នុងនោះរាប់ទាំង កុមារចំនួន ៣១នាក់ និង២០នាក់ជាស្ត្រី និង៩០០នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីថ្ងៃចន្ទ នៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប ។
សាក្សី និងប្រភពចេញពីក្រុមសន្តិសុខប៉ាឡេស្ទីន បានប្រាប់ដល់ស៊ិនហួថា យោធាអ៊ីស្រាអ៊ែល បានបាញ់កាំភ្លើងធំកាលពីថ្ងៃសុក្រ ផ្លោងចូលតំបន់ភាគខាងកើត នៃតំបន់ហ្គាហ្សា ជាមួយនឹងរថពាសដែកជាច្រើនគ្រឿង ដោយបានសម្លាប់មនុស្ស ២នាក់ ។
ប្រភពពីគ្រូពេទ្យបានឲ្យដឹងថា នៅពេលជិតភ្លឺ រថពាសដែកជាច្រើនគ្រឿង បានធ្វើការបាញ់ផ្លោងគ្រាប់ចូលក្រុង Beit Lahia ស្ថិតភាគខាងជើងនៃតំបន់ហ្គាហ្សា ដោយបានសម្លាប់ស្ត្រីជាម្តាយម្នាក់ និងកុមារចំនួន០៤នាក់ ។
សាក្សីបាននិយាយថា មូលហេតុនៅពីក្រោយការវាយប្រហារ មកលើផ្ទះគ្រួសារនេះមិនទាន់ ដឹងច្បាស់លាស់នោះទេ ហើយអាចមានភាពតានតឹង ថែមទៀតរវាងភាគីទាំងពីរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា