ព័ត៌មានអន្តរជាតិ

ការវាយប្រហារ តាមអាកាស អ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីន ជាង២០នាក់នៅថ្ងៃអាទិត្យនេះ

បរទេស៖មន្ត្រីសុខាភិបាលនៅតំបន់ហ្គាហ្សា បាននិយាយប្រាប់ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅថ្ងៃអាទិត្យនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន២៦នាក់ រួមមានទាំងកុមារ៨នាក់ផង ហើយក៏មានគ្រាប់រ៉ុកកែតជាច្រើនគ្រាប់ បាញ់ចេញពីតំបន់ហ្គាហ្សា ចូលទៅក្នុងប្រទេសអ៊ីស្រាអែលវិញផងដែរ ស្របពេលដែលការប្រយុទ្ធគ្នាបានឈានចូលដល់ថ្ងៃទី៧។

តាមសេចក្តីរាយការណ៍ មន្ត្រីសុខាភិបាលបានបញ្ជាក់បន្ថែមថា ការវាយប្រហារមុនពេលព្រឹកព្រលឹម នៅកណ្ដាលទីក្រុងហ្គាហ្សា បានធ្វើឲ្យចំនួនមនុស្សស្លាប់ក្នុងតំបន់ហ្គាហ្សាសរុបឡើងដល់១៧៤នាក់ ក្នុងនោះមានកុមារចំនួន៤៧នាក់ ប៉ុន្តែអ៊ីស្រាអែលបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន១០នាក់ រួមមានកុមារ២នាក់។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងប្រារព្ធធ្វើកិច្ចប្រជុំមួយ នៅល្ងាចថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាគ្នាអំពីការផ្ទុះការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា រវាងប្រទេសអ៊ីស្រាអែលនិងពួកប៉ាឡេស្ទីន នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរំឭកដល់ភាគីទាំងអស់ថា ទង្វើខ្វះការពិចារណាណាមួយដែលផ្តោតគោលដៅលើជនស៊ីវិល និងទីតាំងប្រព័ន្ធផ្សព្វផ្សាយនានា គឺជាការបំពានដល់ច្បាប់អន្តរជាតិ ហើយវាជាទង្វើត្រូវចៀសវាងដាច់ខាត៕

To Top