បរទេស៖កងកម្លាំងប្រយុទ្ធនៃកងជីវពលក្នុងតំបន់ ដែលប្រឆាំងនឹងរបបយោធាមីយ៉ានម៉ា នាពេលថ្មីៗនេះ បានដកថយចេញពីទីក្រុង Mindat ស្ថិតនៅភាគពាយព្យប្រទេស ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីមានការវាយប្រហារធ្វើឡើងដោយកងទ័ពគាំទ្រដោយកាំភ្លើងធំ នេះបើតាមសម្តីសមាជិកមួយរូបរបស់ក្រុងកងកម្លាំងជីវពលនោះប្រាប់នៅថ្ងៃអាទិត្យនេះ។
តាមសេចក្តីរាយការណ៍ សហរដ្ឋអាមេរិកនិងប្រទេសអង់គ្លេស បានអំពាវនាវឲ្យកងទ័ពបញ្ចៀសមិនឲ្យមានជនរងគ្រោះស៊ីវិល ហើយរដ្ឋាភិបាលបង្រួបបង្រួមជាតិបង្កើតដោយអ្នកមានភក្តីភាព ចំពោះមេដឹកនាំជាប់ឆ្នោត លោកស្រី អ៊ីង សានស៊ូជី បានអំពាវនាវសុំជំនួយអន្តរជាតិ។
យុទ្ធជនកងជីវពលមួយរូបបាននិយាយថា “ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នា យើងបានដកថយដោយព្រួយបារម្ភពីការធ្វើឲ្យខូចខាតដល់ទីក្រុង” និងបាននិយាយបន្ថែមទៀតថា ត្រឹមតែស្ត្រីនិងកុមារប៉ុណ្ណោះ នៅក្នុងទីក្រុងដែលចំនួនប្រជាជន៤០.០០០នាក់នោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលបង្រួបបង្រួមជាតិ បាននិយាយយ៉ាងដូច្នេះថា “យើងចង់ជំរុញឲ្យសហគមន៍អន្តរជាតិ ធ្វើការចាត់វិធានការភ្លាមៗ ដើម្បីបញ្ចប់អំពើហិង្សាទាំងអស់របស់ពួក តាតម៉ាដាវ និងការពារប្រជាជនគ្មានកម្លាំងការពារខ្លួន នៅក្នុងទីក្រុង Mindat “៕ ប្រែសម្រួល៖ប៉ាង កុង