កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរបស់ ប្រទេសស្រីល័ង្កា (DMC)បានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនស្តីពីរបាយការណ៍អាកាសធាតុ កាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់ពលរដ្ឋចំនួន៤នាក់ បានស្លាប់ និងជាង៤២.០០០នាក់ បានរងនូវផលប៉ះពាល់ដោយសារខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ដែលបង្កឲ្យមានគ្រោះទឹកជំនន់ ដែលបណ្តាលមកពីព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយ នៅឆក Bengal ប្រទេសស្រីល័ង្កា ។
មជ្ឈមណ្ឌល DMC បានឲ្យដឹងថា ចំនួនអ្នកស្លាប់ច្រើនជាលទ្ធផលមកពីគ្រោះទឹកជំនន់ ។
ផ្ទះប្រជាពលរដ្ឋជាង២០០ខ្នង បានរងការខូចខាតទំាងស្រុង ទន្ទឹមនឹងនេះដែរ ពលរដ្ឋ១៧៥នាក់នៃគ្រួសារដែលបានរងផលប៉ះពាល់ចំនួន៤២គ្រួសារ បានសម្រាកនៅក្នុងជម្រកបណ្តោះអាសន្ន ។
អង្គការស្រាវជ្រាវលំនៅដ្ឋានជាតិ ហៅកាត់ (NBRO) ក៏បានប្រកាសអំពីគ្រោះបាក់ដី ដោយធ្វើការព្រមានដល់ស្រុកមួយចំនួននៅក្នុងប្រទេស ក្នុងនោះរាប់ទាំង រដ្ឋធានីកូឡុំបូ និងនៅភាគខាងត្បូងផងដែរ ។ អង្គការ NBRO បានស្នើដល់ពលរដ្ឋដែលរស់នៅប្រឈមនឹងហានិភ័យខ្ពស់នៅក្នុងតំបន់ជាច្រើនឲ្យគេចេញ ហើយរកកន្លែងមានសវត្ថិភាព ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា