ព័ត៌មានអន្តរជាតិ

ប្រទេសឥណ្ឌូនេស៊ី ផ្អាកការប្រើប្រាស់វ៉ាក់សាំង CTMAV547 ជាបាច់ នៃវ៉ាក់សាំងរបស់ AstraZeneca ក្រោយរកឃើញករណីស្លាប់

ហ្សាកាតា៖ ក្រសួងសុខាភិបាល ឥណ្ឌូណេស៊ី បានឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានផ្អាកការប្រើប្រាស់ CTMAV547 នៃវ៉ាក់សាំងបង្កា ជំងឺកូវីដ-១៩ AstraZeneca បន្ទាប់ពីមរណភាព របស់អ្នកទទួលវ៉ាក់សាំង នៅរដ្ឋធានីហ្សាកាតា កាលពីពេលថ្មីៗនេះ ។

អ្នកនាំពាក្យក្រសួង សុខាភិបាលបានឲ្យដឹងថា វ៉ាក់សាំង AstraZeneca ទាំងអស់មិនមែនត្រូវបានបញ្ឈប់ សម្រាប់ការចែកចាយ និងប្រើប្រាស់នោះទេ មានតែ CTMAV547 ប៉ុណ្ណោះ ខណៈរង់ចាំលទ្ធផល នៃការស៊ើបអង្កេត និងការធ្វើតេស្តពីក្រុមហ៊ុន BPOM (ភ្នាក់ងារជាតិគ្រប់គ្រងឱសថ និងចំណីអាហារឥណ្ឌូនេស៊ី) រយៈពេលប្រហែលមួយ ឬពីរសប្តាហ៍។

ប្រទេសឥណ្ឌូនេស៊ី បានទទួលវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ អង់គ្លេស AstraZeneca ចំនួន ៣,៨៥២,០០០ ដូល្លានៅថ្ងៃទី២៦ ខែមេសា ក្នុងនោះរួមមានទាំង CTMAV547 ចំនួន ៤៤៨,៤៨០ ដូសតាមគំរោងការណ៍ នៃការថែរក្សាសុខភាព ដែលបានផ្តួចផ្តើមឡើង ដោយអង្គការ សុខភាពពិភពលោក។

គួបញ្ជាក់ថា ដូសនៃវ៉ាក់សាំង CTMAV547 ត្រូវបានចែកចាយដល់កងទ័ពផ្នែកខ្លះ នៃរដ្ឋធានីហ្សាកាតា និងខេត្តស៊ូឡាវ៉ាស៊ីខាងជើង ក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។

លោក Trio Fauqi Virdaus អាយុ ២២ ឆ្នាំមានអាការៈគ្រុនក្តៅខ្លាំង បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង CTMAV547 នៃវ៉ាក់សាំង របស់ក្រុមហ៊ុន AstraZeneca កាលពីថ្ងៃទី០៥ ខែឧសភា ហើយបានស្លាប់នៅថ្ងៃបន្ទាប់ ៕

ដោយ ឈូក បូរ៉ា

To Top