កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានរាយការណ៍ថាមានចំនួនខ្ពស់បំផុតនៃជំងឺកូវីដ-១៩ ចំនួន ៦,០៧៥ ករណីនៅថ្ងៃពុធនេះ ខណៈប្រទេសនេះនៅតែបន្តប្រយុទ្ធប្រឆាំងនឹងការឆ្លងនៃរលកទី៣ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia។
នេះជាលើកទីមួយនៃករណីឆ្លងថ្មីនៃជំអឺកូវីដ-១៩ របស់ប្រទេសម៉ាឡេស៊ី ដែលបានកើនលើសសញ្ញាចំនួន ៦០០០ករណី ។ យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា កំណត់ត្រាមុនរបស់ប្រទេសនេះ មានចំនួន ៥,៧២៨ ករណីថ្មីកាលពីថ្ងៃទី ៣០ ខែមករា។
អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានទទូចដល់សមាជិកសាធារណៈឱ្យស្នាក់នៅផ្ទះ និងកាត់បន្ថយសកម្មភាព ដែលមិនចាំបាច់ ខណៈប្រទេសនេះកំពុងធ្លាក់ក្ន្ងរលកទី៣ នៃជំងឺឆ្លងកូវីដ-១៩។
លោកវេជ្ជបណ្ឌិត Noor Hisham បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា“ គ្រូពេទ្យរបស់យើង បានបង្ហាញពីភាពអស់សង្ឃឹម និងការខកចិត្តរបស់ពួកគេ ហើយកំពុងពុះពារដើម្បីធានាគ្រែ ICU សម្រាប់អ្នកជំងឺរបស់ពួកគេក្នុងគ្រាលំបាកនេះ”៕ដោយ ឈូក បូរ៉ា