ព័ត៌មានអន្តរជាតិ

មនុស្សរាប់រយនាក់​ ប្រមូលផ្តុំគ្នា នៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីតវ៉ាការវាយប្រហារ តាមអាកាស នៅតំបន់ហ្គាហ្សា (Video)

បរទេស ៖ មនុស្សរាប់រយនាក់ តាមសេចក្តីរាយការណ៍ បានប្រមូលផ្តុំគ្នា នៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើការតវ៉ា ចំពោះការវាយប្រហារតាមអាកាសថ្មីៗនេះ លើពួកប៉ាឡេស្ទីន ក្នុងការប្រយុទ្ធគ្នា ដែលសម្លាប់មនុស្ស ជាង២០០នាក់។

ក្រុមមនុស្សទាំងនោះ បានស្រែកថា “សេរីភាព សេរីភាព ប៉ាឡេស្ទីន” និងអ្នកផ្សេងទៀតស្រែកដដែលៗ រិះគន់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ស្របពេលដែលប្រទេសនានា នៅទូទាំងពិភពលោក ស្នើឲ្យមានបទឈប់បាញ់គ្នានៅក្នុងតំបន់ ។

ការបាតុកម្មតវ៉ានៅថ្ងៃអង្គារសប្ដាហ៍នេះ គឺត្រូវបានធ្វើឡើង ក្រោមមានក្បួនតវ៉ានៅស្ថានទូត និងនៅទីលាន National Mall កាលពីចុងសប្ដាហ៍ ស្របពេលដែលតំបន់ហ្គាហ្សា ជួបនូវការបង្ហោះឈាម ក្នុងហេតុការណ៍ប្រយុទ្ធគ្នាដ៏ថ្មីបំផុត ដែលបានចាប់ផ្តើមឡើងកាលពីសប្ដាហ៍មុន។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា បាននិយាយនៅថ្ងៃអង្គារថា ជនជាតិប៉ាឡេស្ទីនតិចបំផុត២១២នាក់ ដោយមានកុមារ៦១នាក់ផង បានស្លាប់ដោយការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ស្របពេលដែលមនុស្ស១៦នាក់ផ្សេងទៀត បានស្លាប់នៅក្នុងតំបន់ West Bank។ គ្រាប់រ៉ុកកែតដែលពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ បាញ់ បានសម្លាប់មនុស្សចំនួន១២នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល រួមមានកុមារ២នាក់ផង៕
ប្រែសម្រួល៖ប៉ាង កុង

To Top