បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ កំពុងតែបំបែរការចាប់អារម្មណ៍របស់ខ្លួន ចំពោះសេដ្ឋកិច្ច នៅមុនជំនួបកំពូល រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាលើកដំបូង នៅក្រោមការដឹកនាំ របស់លោកប្រធានាធិបតី ចូ បៃដិន។
ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋ របស់ទីក្រុងព្យុងយ៉ាង KCNA បានរាយការណ៍ នៅថ្ងៃពុធម្សិលមិញនេះថា លោកនាយករដ្ឋមន្ត្រី Kim Tok Hun បានផ្តល់ការណែនាំ នៅក្រុមហ៊ុន Sunchon Cement Complex និងបានត្រួពិនិត្យមើល រោងចក្រគីមី កំពុងសាងសង ។
កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន លោក Kim Tok Hun តាមសេចក្តីរាយការណ៍ បានធ្វើទស្សនកិច្ចស្ថានីយ ថាមពលលេខ៥ Tanchon និងរោងចក្រផលិតជី Hungnam ហើយលោកក៏បានធ្វើទស្សនកិច្ច ទីក្រុង Samjiyon ជាកន្លែងអភិវឌ្ឍន៍ថ្មីមួយ ដែលរួមមានទាំងផ្ទះល្វែង សណ្ឋាគារ និងរីសតស្គី។
គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង ត្រូវបានគេជឿថា បានទទួលសំណើអាមេរិក សុំធ្វើការពិភាក្សាគ្នា នៅមុនជំនួបកំពូល អាមេរិក-កូរ៉េខាងត្បូង ប៉ុន្តែនៅតែរក្សាភាពស្ងប់ស្ងាត់ លើបញ្ហានៃគោលនយោបាយបរទេស។ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងប្តេជ្ញាប្រកាន់ខ្ជាប់ វិធីសាស្ត្រកាន់តែមានភាពច្បាស់លាស់ អាចវាស់វែងបាន ចំពោះប្រទេសកូរ៉េខាងជើង៕ ប្រែសម្រួល៖ប៉ាង កុង