ព័ត៌មានអន្តរជាតិ

មេដឹកនាំជប៉ុន-ហ្វីលីពីន ប្ដេជ្ញាធ្វើកិច្ចសហការជិតស្និទ្ធការ ប្រឆាំងនឹងការទាមទាររបស់ចិន

តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga និងប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte កាលពីថ្ងៃពុធ បានព្រមព្រៀងសហការគ្នា យ៉ាងជិតស្និទ្ធក្នុងការថែរក្សាសន្តិភាព និងស្ថេរភាពក្នុងតំបន់ចំពេលមាន ការអះអាងពីដែនសមុទ្ររបស់ចិន ដែលកំពុងកើនឡើង។

នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទរយៈពេល ២០ នាទីរបស់មេដឹកនាំទាំងពីរ លោកនាយករដ្ឋមន្រ្តីជប៉ុន បានសន្យាផ្តល់ថវិកាចំនួន ២០ ពាន់លានយ៉េន ដល់រដ្ឋាភិបាលហ្វីលីពីន សម្រាប់វិធានការណ៍ត្រួតពិនិត្យជំងឺកូវីដ- ១៩ រួមទាំងជំនួយសម្រាប់ការអភិវឌ្ឍ បណ្តាញចែកចាយខ្សែសង្វាក់ត្រជាក់ សម្រាប់វ៉ាក់សាំង នេះបើយោងតាមក្រសួងការបរទេសជប៉ុន។

លោកនាយករដ្ឋមន្រ្ដីបានសម្តែង ការប្រឆាំងចំពោះរាល់ការប៉ុនប៉ង ជាឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពនៅសមុទ្រចិនខាងកើត និងចែករំលែក“ ក្តីបារម្ភយ៉ាងខ្លាំង” ចំពោះការវិវត្តថ្មីៗនៅក្នុងប្រទេសចិន រួមទាំងការអនុវត្តច្បាប់ថ្មីកាលពីខែកុម្ភៈ ដែលអនុញ្ញាតឱ្យឆ្មាំឆ្នេររបស់ខ្លួន ប្រើប្រាស់អាវុធប្រឆាំងនឹងកប៉ាល់ ដែលខ្លួនចាត់ទុកថា ជាការជ្រៀតចូលក្នុងទឹកដីរបស់ខ្លួន។

មេដឹកនាំទាំងពីរក៏បាន ឯកភាពគ្នាបន្តធ្វើការជាមួយគ្នា ដើម្បីកែលំអស្ថានភាពនៅមីយ៉ាន់ម៉ា ដែលការបង្ក្រាបទៅលើក្រុមបាតុករ បន្ទាប់ពីរដ្ឋប្រហារយោធាមួយកាលពីខែកុម្ភៈ នៅតែបន្តកើតឡើង។

លោក Suga ត្រូវបានគ្រោងនឹងធ្វើទស្សនកិច្ច នៅប្រទេសហ្វីលីពីន នៅដើមខែនេះ ប៉ុន្តែបានលុបចោលការធ្វើដំណើរទស្សនកិច្ចនេះវិញ ដោយសារតែការកើនឡើង នៃការឆ្លងមេរោគវីរុសកូវីដ-១៩ នៅក្នុងប្រទេសជប៉ុន ៕

ដោយ ឈូក បូរ៉ា

To Top