ម៉ានីល៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នេះឲ្យដឹងថា ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៦១០០ករណី ដែលបានបញ្ជាក់ពីចំនួនសរុបកើនឡើងដល់ ១,១៦៥,១៥៥នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៩,៦៤១ នាក់បន្ទាប់ពីអ្នកជំងឺចំនួន ១៣៥នាក់ទៀត បានស្លាប់ដោយសារការឆ្លងរាលដាល នៃវីរុសនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ប្រទេសហ្វីលីពីន ដែលមានប្រជាជនជាង ១១០ លាននាក់បានធ្វើតេស្តលើមនុស្សជាង ១២ លាននាក់ចាប់តាំងពីការ ផ្ទុះឡើងនៃវីរុសក្នុងខែមករា ឆ្នាំ២០២០ ។
ប្រទេសហ្វីលីពីន ស្ថិតនៅលំដាប់ទី២ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ដែលមានចំនួនអ្នកឆ្លងរហូតដល់ជិត ២លាននាក់៕
ដោយ ឈូក បូរ៉ា