អង់ការ៉ា ៖ មន្រ្តីថ្នាក់កណ្ដាល នៃទីភ្នាក់ងារ Anadolu បានរាយការណ៍ថា ប៉ូលីសតួកគី នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឃុំខ្លួនមនុស្សចំនួន ៣៧ នាក់នៅក្នុងខេត្ត Aegean នៃតំបន់ Izmir ពីបទសង្ស័យពាក់ព័ន្ធ នឹងបណ្តាញដែលគេជឿថា ស្ថិតនៅពីក្រោយការប៉ុនប៉ង ធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៦ ហើយអ្នកដែលត្រូវបានចាប់ខ្លួនរួមមានទាហាន ដែលត្រូវបានបណ្តេញចេញពីការងារ ។
នៅក្នុងប្រតិបត្តិការដាច់ ដោយឡែកមួយ នៅភាគពាយ័ព្យ នៃខេត្ត Edirne កងទ័ពព្រំដែនតួកគី បានចាប់ជនសង្ស័យពីរនាក់ ផ្សេងទៀត ដែលព្យាយាម រត់គេចឆ្ពោះទៅប្រទេសក្រិក នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិតួកគី។
ជនសង្ស័យត្រូវបានចោទប្រកាន់ថា ជាសមាជិក នៃចលនាហ្គូឡែន ដែលរដ្ឋាភិបាលតួកគីចោទប្រកាន់ថា បានជ្រៀតចូលទៅក្នុងការិយាល័យ ការិយាធិបតេយ្យរដ្ឋ និងប៉ុនប៉ងធ្វើរដ្ឋប្រហារនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៦ ។
ទីក្រុងអង់ការ៉ាបានឲ្យដឹងថា អ្នកកាន់សាសនាអ៊ីស្លាម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គឺលោក Fethullah Gulen នៅពីក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលក្នុងនោះមានមនុស្ស ២៥០ នាក់ត្រូវបានសម្លាប់។
គួរបញ្ជាក់ថា រដ្ឋាភិបាលតួកគី បានធ្វើការបង្រ្កាបយ៉ាងខ្លាំងទៅលើជនសង្ស័យ ដែលមានទំនាក់ទំនងជាមួយ បណ្តាញខាងលើនេះ បន្ទាប់ពីការធ្វើរដ្ឋប្រហារ ត្រូវបានបរាជ័យ ៕
ដោយ ឈូក បូរ៉ា