ព័ត៌មានអន្តរជាតិ

កងទ័ពមីយ៉ាន់ម៉ា បាញ់គ្រាប់កាំភ្លើងត្បាល់ ចូលក្នុងទឹកដីថៃ ទំនងសំដៅលើទាហាន ជនជាតិភាគតិចការ៉ែន

បរទេស៖ កងទ័ពថៃនឹងដាក់លិខិតមួយ ដើម្បីព្រមានសមភាគីមីយ៉ាន់ម៉ា ប្រឆាំងនឹងការបាញ់ កាំភ្លើងត្បាល់ទៅលើដីថៃ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា មេបញ្ជាការកងទ័ពទីបីលោកឧត្តមសេនីយ៍ Apichet Suesat ដែលទទួលបន្ទុកសន្តិសុខព្រំដែនថៃ – មីយ៉ាន់ម៉ាបាននិយាយថា លោកនឹងដាក់លិខិតនោះ តាមរយៈគណៈកម្មាធិការព្រំដែនថៃ – មីយ៉ាន់ម៉ា ដើម្បីទាមទារឱ្យកងទ័ពមីយ៉ាន់ម៉ា មិនត្រូវពង្រីកប្រតិបត្តិការរបស់ខ្លួន ចូលទឹកដីថៃនាពេលខាងមុខ។

ការព្រមាននេះបានកើតឡើង បន្ទាប់ពីកងទ័ពមីយ៉ាន់ម៉ា កាលពីរសៀលម្សិលមិញ បានបាញ់កាំភ្លើងត្បាល់ចំនួន ៣ គ្រាប់ទៅលើព្រំដែនថៃ និងបានធ្លាក់នៅតំបន់ Ban Tha Ta Fang នៅក្នុងស្រុក Mae Yuam ស្រុក Mae Sariang ខេត្ត Mae Hong Son ។

លោកឧត្តមសេនីយ៍ឯក Apichet បាននិយាយថា “យើងបានព្រមានពួកគេដោយ ការបាញ់គ្រាប់បែកផ្សែងនៅតាមព្រំដែន ហើយបន្ទាប់មកពួកគេបានឈប់បាញ់វិញ”។

មេទ័ពថៃរូបនេះ បានបន្តថា មិនមានអ្នករងរបួសទេនៅពេល គ្រាប់កាំភ្លើងត្បាល់នោះបានវាយប្រហារ តំបន់ដែលគ្មានមនុស្សរស់នៅក្បែរច្រាំងទន្លេ។ ប្រភពកងទ័ពមួយបាននិយាយថា វាទំនងជាទាហានមីយ៉ាន់ម៉ាជឿជាក់ថា កងកម្លាំងសហភាពជាតិខារ៉ន បានភៀសខ្លួនឆ្លងកាត់ព្រំដែន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×