បរទេស៖ លោកនាយករដ្ឋមន្ត្រី តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលី បានស្នើសុំសំណើពី ក្រុមហ៊ុនផលិតឱសថនានា ដើម្បីបង្កើតរោងចក្រក្នុងស្រុកផលិតថ្នាំវ៉ាក់សាំង mRNA ស្របពេលដែលទីក្រុងកង់បេរ៉ាស្វះស្វែងពង្រឹងសមត្ថភាពជាតិ ក្នុងការឆ្លើយតបចំពោះរោគរាតត្បាត នាពេលអនាគត។
កាលពីដើមខែនេះ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសប្រាប់ថា ខ្លួនកំពុងតែពិភាក្សាគ្នាជាមួយក្រុមហ៊ុន Moderna ដើម្បីបង្កើតការផលិតថ្នាំវ៉ាក់សាំង mRNA ហើយនៅថ្ងៃសុក្រនេះ ទីក្រុងកង់បេរ៉ាបាននិយាយថា ក្រុមហ៊ុនដទៃ មានពេល ២ខែដើម្បីដាក់សំណើរបស់ខ្លួន។
នៅក្នុងរដ្ឋតាស់ម៉ានី លោក Scott Morrison បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “យើងបានស្នើសុំឲ្យមានការដាក់សំណើផ្សេងទៀត និងស្វែងយល់ឲ្យពិតប្រាកដ នូវអ្វីដែលត្រូវការជាចាំបាច់ពីអ្នកគាំទ្រទាំងនោះ ដើម្បីពិនិត្យមើលទីតាំងនិងសមត្ថភាពទាំងនេះ ដែលបង្កើតឡើងនៅទីនេះ គឺក្នុងប្រទេសអូស្ត្រាលី”។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Straits Times នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តីអូស្ត្រាលី បាននិយាយបន្តដូច្នេះថា “វានឹងត្រូវបានធ្វើឡើងជាភាពជាដៃគូមួយ រវាងឧស្សាហកម្មនិងរដ្ឋាភិបាល”៕
ប្រែសម្រួល៖ ប៉ាង កុង