បាងកក ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ថា កាលពីថ្ងៃសុក្រ ប្រទេសថៃឡង់ដ៏ បានឲ្យដឹងថា ខ្លួនបានរកឃើញ ករណីឆ្លងមេរោគ បង្កជំងឺកូវីដ-១៩ក្លាយពូជ ដែលត្រូវបានរកឃើញ នៅក្នុងប្រទេសឥណ្ឌា ខណៈដែលខ្លួនបានប្រកាស ចេញជាផ្លូវការនូវផែន នៃការចាក់វ៉ាក់សាំង ថ្នាក់ជាតិរបស់ខ្លួន នៅខែក្រោយ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីនៃការឆ្លងជំងឺកូវីដ-១៩ក្លាយពូជមាន៣៦ករណី ដែលមានរោគមានប្រភពមកពីប្រទេសឥណ្ឌា ត្រូវបានគេរកឃើញ នៅក្នុងជំរំដាក់កម្មករសំណង់ នៅទីក្រុងបាងកក ។ លោកវេជ្ជបណ្ឌិត Supakit Sirilak ប្រធាននាយកដ្ឋាន វិទ្យាសាស្ត្រ វេជ្ជសាស្ត្របានលើកឡើងថា ក្នុងចំណោមនោះមាន២១នាក់ជាជនជាតិថៃ ចំនួន១០នាក់ជាជនជាតិមីយ៉ាន់ម៉ា និង០៥នាក់មកពីប្រទេសកម្ពុជា ។
រដ្ឋាភិបាលបានហាមឃាត់ ការមកដល់របស់ប្រជាជន មិនមែនជនជាតិថៃ ណាម្នាក់ មកពីប្រទេសឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ ក្នុងកិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរុសក្លាយពូជនេះ ។
ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថា មានករណីឆ្លងជំងឺថ្មី ចំនួន៣.៤៨១នាក់និងមានអ្នកស្លាប់ចំនួន៣២នាក់ទៀតគិតត្រឹមថ្ងៃសុក្រ ។ ចំនួនករណីសរុប ដែលបានបញ្ជាក់នៅពេលនេះបានកើនឡើង ដល់១២៣.០៦៦ ចាប់តាំងពីការផ្ទុះឡើង បានចាប់ផ្តើមរួមមាន៩៤.២០៣នាក់ ចាប់តាំងពីមានការផ្ទុះឡើង នៅដើមខែមេសា ។ របាយការណ៍នេះបានរាយការណ៍ថា មានមនុស្សស្លាប់៧៣៥នាក់ក្នុងនោះមាន៦៤១នាក់ចាប់តាំងពីខែមេសា ។
មជ្ឈមណ្ឌលរដ្ឋបាលដានដានស្ថាន ការណ៍ជំងឺកូវីដ-១៩ បានឲ្យដឹងថា ការដាក់ប្រទេស ស្ថិតក្នុងគ្រាអាសន្ន នៅទូទាំងប្រទេសនឹងត្រូវបន្លាយពេលរហូត ដល់ចុងខែកក្កដា ដើម្បីជួយទប់ស្កាត់វីរុសនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា