ព័ត៌មានអន្តរជាតិ

រុស្ស៊ី-អាមេរិក កំពុងស្វែងរកកិច្ចសហប្រតិបត្ដិការ ខណៈទំនាក់ទំនងទ្វេភាគី កំពុងតានតឹងខ្លាំង

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានជួបគ្នាជាលើកដំបូង នៅថ្ងៃពុធម្សិលមិញនេះ ដោយសម្តែងនូវឆន្ទៈក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ប៉ុន្តែក៏បានទទួលស្គាល់នូវ “ភាពខុសគ្នាដ៏ធ្ងន់ធ្ងរ” ចំពេលទំនាក់ទំនងតានតឹង រវាងប្រទេសទាំងពីរ។

ជំនួបជាមួយសមភាគី របស់លោកនៅខាងក្រៅ កិច្ចប្រជុំក្រុមប្រឹក្សាតំបន់អាក់ទិក នៅរដ្ឋធានី Reykjavik ប្រទេសអ៊ីស្លង់ លោក Lavrov បានលើកឡើងថា ទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោនត្រូវសម្រេចចិត្ត លើកិច្ចសហប្រតិបត្តិការ របស់ពួកគេបន្ថែមទៀត ទោះបីជាមានភាពខុសគ្នាយ៉ាងខ្លាំង នៅក្នុងបញ្ហាជាច្រើនរវាងភាគីទាំងពីរ។

លោកបានលើកឡើងថា “យើងមានភាពខុសប្លែកគ្នាយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយតម្លៃ នៃស្ថានភាពអន្តរជាតិ។ យើងមានភាពខុសគ្នាធ្ងន់ធ្ងរ នៅក្នុងវិធីសាស្រ្តនៃភារកិច្ច ដែលត្រូវដោះស្រាយ សម្រាប់ភាពប្រក្រតីរបស់ខ្លួន” ។

អ្នកការទូតរុស្ស៊ីរូបនេះបានបន្ដថា“ ជំហររបស់យើង គឺសាមញ្ញណាស់។ យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាលើបញ្ហាទាំងអស់ ដោយគ្មានការលើកលែង ប៉ុន្តែស្ថិតនៅក្រោមការយល់ឃើញថា ការពិភាក្សានឹងមានភាពស្មោះត្រង់ ជាមួយនឹងអង្គហេតុនៅលើតុ ហើយជាការពិតនៅលើមូលដ្ឋាន នៃការគោរពគ្នាទៅវិញទៅមក” ។

សម្រាប់ផ្នែករបស់លោក Blinken បានឲ្យដឹងថារដ្ឋបាលលោក ចូ បៃដិន កំពុងស្វែងរក“ ទំនាក់ទំនងដែលអាចព្យាករណ៍បាន និងមានស្ថេរភាព” ជាមួយប្រទេសរុស្ស៊ី ដោយកត់សម្គាល់ថាទីក្រុងវ៉ាស៊ីនតោន ចង់ធ្វើការជាមួយប្រទេសរុស្ស៊ី លើផ្នែកខ្លះនៃផលប្រយោជន៍ទៅវិញទៅមក រួមទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុក៏ដូចជា បញ្ហានុយក្លេអ៊ែរទាក់ទងនឹងអ៊ីរ៉ង់ និងឧបទ្វីបកូរ៉េ។

ប៉ុន្តែនៅពេលចាប់ផ្តើមសុន្ទរកថា របស់លោក Blinken បានលើកឡើងថា វាមិនមែនជារឿងអាថ៌កំបាំងនោះទេ ដែលយើងមានភាពខុសគ្នារបស់យើង ហើយទីក្រុងវ៉ាស៊ីនតោន នឹងឆ្លើយតបប្រសិនបើរុស្ស៊ី ធ្វើសកម្មភាពយ៉ាងគឃ្លើន។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បាននិងកំពុងតានតឹងខ្លាំង នៅក្នុងប៉ុន្មានខែថ្មីៗនេះ។ ភាគីទាំងពីរមានភាពខុសគ្នា ច្បាស់លើបញ្ហាទាក់ទងនឹងអ៊ុយក្រែន សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត សិទ្ធិមនុស្ស និងការជ្រៀតជ្រែកក្នុងការបោះឆ្នោត របស់សហរដ្ឋអាមេរិក ៕

ដោយ ឈូក បូរ៉ា

To Top
×