បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថារដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិកដែលជារដ្ឋមានពលរដ្ឋច្រើនបំផុតក្នុងប្រទេសនោះ បានប្រកាសហើយថាខ្លួននឹងបើកដំណើរការសេដ្ឋកិច្ច ជាធម្មតាឡើងវិញទាំងអស់នៅត្រឹមថ្ងៃទី១៥ខែមិថុនា ខាងមុខនេះតទៅ។
នេះមានន័យថាចាប់ពីថ្ងៃនេះ ទៅទាំងឧស្សាហកម្មនិងអាជីវកម្មទាំងអស់នឹងត្រឡប់មកដំណើរការវិញ ជាធម្មតាដោយមិនមានការរឹតត្បិតនិងកំណត់ចំនួនមនុស្សឡើយ ឬសូម្បីតែគម្លាតសង្គមក្តី។
ទោះបីជាយ៉ាងណាក្តី យោងតាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលបានលើកឡើងថា នៅមានការដាក់កំហិតមួយចំនួនសម្រាប់ព្រឹត្តិការណ៍ ទាំងឡាយណាដែលប្រមូលផ្តុំគ្នាលើសពី៥ពាន់នាក់ នៅក្នុងខាងក្នុងអគារឬលើសពី១ម៉ឺននាក់នៅខាងក្រៅអគារហើយលើកទឹកចិត្ត ចំពោះការធ្វើតេស្តនិងពិនិត្យមើលលិខិតបញ្ជាក់ នៃការចាក់វ៉ាក់សាំងមុនអនុញ្ញាតិឲ្យមានការចូលរួម។
គួរឲ្យដឹងដែរថារដ្ឋកាលីហ្វ័រញ៉ា គឺជារដ្ឋដំបូងគេបង្អស់របស់អាមេរិកដែលបានប្រកាស បិទទ្វាទូទាំងរដ្ឋមិនឲ្យពលរដ្ឋចាកចេញពីផ្ទះគិតចាប់តាំង តែពីខែមិនាឆ្នាំទៅហើយក៏ជាទីកន្លែងដែលមានចំនួននៃអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី