បរទេស៖ ក្រសួងការបរទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសហ្វីលីពីននិងចិន បានប្រារព្ធធ្វើកិច្ចពិភាក្សាមិត្តភាព ស្តីពីដែនសមុទ្រចិនខាងត្បូង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រី ការបរទេសហ្វីលីពីនបញ្ជាឲ្យទូកចិនចាកចេញពីដែនទឹកមានជម្លោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសហ្វីលីពីន បាននិយាយយ៉ាងដូច្នេះថា ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នាទៅវិញទៅមកប្រកប ដោយភាពជាមិត្តនិងស្មោះត្រង់ ស្តីពីស្ថានភាពទូទៅនិងបញ្ហាជាក់លាក់ ពាក់ព័ន្ធដែនសមុទ្រចិនខាងត្បូង ក្រោមយន្តការពិភាក្សាទ្វេភាគីដែលបានធ្វើឡើងនៅក្នុងឆ្នាំ២០១៦ ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅក្នុងដែនទឹកយុទ្ធសាស្ត្រ។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការបរទេសហ្វីលីពីន បាននិយាយបន្ថែមទៀតយ៉ាងដូច្នេះថា “មានការទទួលស្គាល់ទៅវិញទៅមក ស្តីពីភាពសំខាន់នៃកិច្ចពិភាក្សាគ្នា ក្នុងដំណើរបន្ធូរបន្ថយភាពតានតឹង និងការយល់ពីគោលជំហររបស់ប្រទេសនីមួយៗ និងគោលបំណងនៅក្នុងតំបន់”។
គួរបញ្ជាក់ថា វត្តមាននាវាចិនរាប់រយនៅខាងក្នុងតំបន់សេដ្ឋកិច្ចពិសេស២០០ម៉ាយរបស់ប្រទេសហ្វីលីពីន គឺជាប្រភពដ៏ថ្មីបំផុតនៃភាពតានតឹងរវាងប្រទេសទាំងពីរ នៅដែនសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកមានការដឹកទំនិញឆ្លងកាត់ជារៀងរាល់ឆ្នាំមានទំហំទឹកប្រាក់៣សែនកោដិដុល្លារ៕
ប្រែសម្រួល៖ប៉ាង កុង