យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានស្វាគមន៍ការប្រកាសអំពីបទឈប់បាញ់គ្នា នៅតំបន់កាហ្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រុមប្រឹក្សាបានស្វាគមន៍ការប្រកាសអំពីបទឈប់បាញ់គ្នាចាប់ពីថ្ងៃទី ២១ ឧសភា និងបានទទួលស្គាល់តួនាទីសំខាន់អេហ្ស៊ីប បណ្តាប្រទេសក្នុងតំបន់ផ្សេងទៀត អង្គការសហប្រជាជាតិ Quartet មជ្ឈិមបូព៌ា និងដៃគូអន្តរជាតិដទៃទៀត ដែលបានដើរតួក្នុងរឿងនេះ។
ក្រុមប្រឹក្សាបានអំពាវនាវ ឱ្យមានការប្រកាន់ខ្ជាប់ពេញលេញនូវបទឈប់បាញ់គ្នា និងបានចូលរួមមរណភាពនៃការបាត់បង់ជីវិតជនស៊ីវិល ដែលបណ្តាលមកពីអំពើហិង្សាមួយនេះ។
សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ បានសង្កត់ធ្ងន់លើតម្រូវការជាបន្ទាន់ សម្រាប់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីវិលប៉ាឡេស្ទីន ជាពិសេសនៅតំបន់កាហ្សា និងបានគាំទ្រការអំពាវនាវរបស់លោកអគ្គលេខាធិការ ឱ្យសហគមន៍អន្តរជាតិធ្វើការជាមួយអង្គការសហប្រជាជាតិ ស្តីពីការបង្កើតកញ្ចប់គាំទ្រដ៏រឹងមាំមួយ សម្រាប់ការកសាងឡើងវិញ និងការស្តារឡើងវិញប្រកបដោយនិរន្តរភាពឆាប់រហ័ស។
សមាជិកក្រុមប្រឹក្សាបានសង្កត់ធ្ងន់ លើភាពបន្ទាន់នៃការស្តារឡើងវិញនូវភាពស្ងប់ស្ងាត់ទាំងស្រុង និងបញ្ជាក់សារឡើងវិញពីសារៈសំខាន់នៃការសម្រេច បាននូវសន្តិភាពពេញលេញ ដោយផ្អែកលើចក្ខុវិស័យនៃតំបន់មួយ ដែលរដ្ឋប្រជាធិបតេយ្យពីរ គឺអ៊ីស្រាអែល និងប៉ាឡេស្ទីនរស់នៅរួមគ្នាដោយសន្តិភាពក្នុងព្រំដែន ដែលមានសន្តិសុខ និងការទទួលស្គាល់៕
ដោយ ឈូក បូរ៉ា