ព័ត៌មានអន្តរជាតិ

ធ្លាក់កន្រ្តកយោងឡើងភ្នំ​ នៅរមណីយដ្ឋាន ប្រទេសអ៊ីតាលី ស្លាប់យ៉ាងហោចណាស់ ៨នាក់

បរទេស ៖យោងតាមក្រុមអ្នកជួយសង្គ្រោះ និងរបាយការណ៍ បានអោយដឹងថា យ៉ាងហោចណាស់ មានមនុស្ស ៨ នាក់ បានស្លាប់ បន្ទាប់ពីកន្រ្តកយោងឡើងភ្នំ មួយបានធ្លាក់នៅក្បែរបឹង Maggiore នៅភាគខាងជើង ប្រទេសអ៊ីតាលី ។ សេវាកម្មគ្រាអាសន្នក្នុងស្រុករបស់អ៊ីតាលី បាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងលើសេវាកម្មដឹកជញ្ជូនអ្នកដំណើរពីទីក្រុងរមណីយដ្ឋាន Stresa ក្នុងតំបន់ Piedmont ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា សេវាកម្មសង្គ្រោះបន្ទាន់និងឧទ្ធម្ភាគចក្រ Alpine បានចេញទៅជួយសង្គ្រោះ នៅពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ ។

ក្រុមមន្រ្តីបាននិយាយថា កុមារពីរនាក់ ត្រូវបានគេដឹកចេញពីកន្លែង កើតហេតុទៅ កាន់មន្ទីរពេទ្យ Turin ។ រូបភាពមួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញ សង្គមដោយសេវាកម្មគ្រាអាសន្ន បានបង្ហាញពីបំណែក របស់កន្រ្តកដែលស្ថិតនៅក្នុងតំបន់ព្រៃ។

អ្នកនាំពាក្យសេវាកម្ម សង្គ្រោះជាតិ Alpine លោក Walter Milan បានប្រាប់ទូរទស្សន៍ RaiNews24 ថា “វាគឺជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុត” ។ កន្រ្តកយោងខាងលើ បានធ្លាក់ពីកម្ពស់យ៉ាងខ្ពស់។

គេហទំព័រសម្រាប់ខ្សែកាប្លិ៍កន្រ្តកយោង Stresa-Alpine-Mottarone បាននិយាយថា ជាធម្មតាវាចំណាយពេល ២០ នាទីដើម្បីដឹកអ្នកដំណើរបាន ១,៤៩១ ម៉ែត្រ (៤.៩០០ ហ្វីត) ពីលើនីវ៉ូទឹកសមុទ្រ ។ របាយការណ៍ក្នុងស្រុកបានលើកឡើងថា កន្រ្តកដែលធ្លាក់អាចធ្លាក់ នៅកម្ពស់ប្រហែល ៣០០ ម៉ែត្រពីកំពូលស្ថានីយ៍ភ្នំ ៕

To Top