រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានព្រមានអ៊ីស្រាអែល អំពីសកម្មភាពប្រឆាំងនឹង ប្រជាជនប៉ាឡេស្ទីន ជាពិសេសនៅយេរ៉ូសាឡឹមខាងកើត ដោយកត់សម្គាល់ថា ពួកគេអាចនាំឱ្យមានភាពតានតឹង កាន់តែខ្លាំងនៅតំបន់វេសប៊ែង និងកាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ការព្រមាននេះត្រូវបានចេញ ដោយអ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីនលោក Nabil Abu Rudeineh បន្ទាប់ពីសកម្មជនប្រព័ន្ធ ផ្សព្វផ្សាយសង្គមប៉ាឡេស្ទីន បានផ្សព្វផ្សាយវីដេអូខ្លីរបស់ កងកម្លាំងប៉ូលីសអ៊ីស្រាអែល វាយប្រហារទៅលើក្រុម គោរពបូជាប៉ាឡេស្ទីន នៅវិហារ Al-Aqsa នៅយេរ៉ូសាឡឹមខាងកើត។
លោក Abu Rudeineh បានលើកឡើងថា“ រដ្ឋាភិបាលអ៊ីស្រាអែល ទទួលខុសត្រូវទាំងស្រុងចំពោះការខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែល។
លោកបានបន្ថែមថា ការបន្តវិធានការប្រឆាំងនឹង ប្រជាជនប៉ាឡេស្ទីន នៅយេរ៉ូសាឡឹមខាងកើត នឹងបំផ្លាញកិច្ចប្រឹងប្រែងអន្តរជាតិ និងអារ៉ាប់ ដើម្បីកសាងឡើងវិញនូវអ្វីដែល ត្រូវបានបំផ្លាញនៅតំបន់កាហ្សាស្ទ្រីប។
នៅក្នុងនោះដែរលោក Abu Rudeineh បានអំពាវនាវដល់សហរដ្ឋអាមេរិក “ឱ្យធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបញ្ឈប់សកម្មភាព និងវិធានការបង្កហេតុរបស់អ៊ីស្រាអែល” ។
នៅថ្ងៃទី១០ ខែឧសភា ប៉ូលីសអ៊ីស្រាអែល បានដាក់កម្រិតទៅលើចលនា របស់អ្នកគោរពបូជាអារ៉ាប់ នៅក្នុង និងជុំវិញវិហារអ៊ីស្លាមអាល់ – អាសា នៅក្នុងទីក្រុងចាស់នៃយេរ៉ូសាឡឹម ដោយបានបង្កភាពតានតឹង និងអំពើហឹង្សាដែលបាន រីករាលដាលដល់តំបន់វេសប៊ែក និងកាហ្សាទាំងមូល ៕
ដោយ ឈូក បូរ៉ា