ព័ត៌មានអន្តរជាតិ

ប្រមុខរដ្ឋចិន ប្រកាសត្រៀមខ្លួនពង្រឹងការ សម្របសម្រួលជាមួយអ៊ីរ៉ង់ ដើម្បីការពារផលប្រយោជន៍រួម (Video)

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបានលើកឡើងថា ប្រទេសចិន គាំទ្រការទាមទារសមហេតុផលរបស់អ៊ីរ៉ង់ ទាក់ទងនឹងផែនការសកម្មភាពចម្រុះ (JCPOA) ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងត្រៀមខ្លួនដើម្បីពង្រឹងការ សម្របសម្រួលជាមួយអ៊ីរ៉ង់ និងការពារផលប្រយោជន៍រួម របស់ភាគីទាំងពីរ។

លោកបានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី។ លោកស៊ីបានកត់សម្គាល់ថាប្រទេសចិន និងអ៊ីរ៉ង់ ប្រកាន់ខ្ជាប់ និងជួយគ្នាទៅវិញទៅមកបានចូលរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ និងទទួលបាននូវលទ្ធផលជាវិជ្ជមាន ក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងទ្វេភាគី។

លោកស៊ី បានលើកឡើងថា ប្រទេសទាំងពីរគាំទ្រគ្នាយ៉ាងរឹងមាំ លើបញ្ហានានាដែលពាក់ព័ន្ធ នឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់ខ្លួន ហើយបានពង្រឹងជំនឿទុកចិត្តគ្នា ទៅវិញទៅមកជាយុទ្ធសាស្ត្រ និងការពារសមធម៌ និងយុត្តិធម៌អន្តរជាតិយ៉ាងរឹងមាំ។

ដោយកត់សម្គាល់ថាឆ្នាំនេះ គឺជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងអ៊ីរ៉ង់លោកស៊ី ជីនពីង បានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីឥឡូវនេះឈរ នៅចំណុចជាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដើម្បីកសាងសមិទ្ធិផលកន្លងមក និងឆ្ពោះទៅអនាគត។

ប្រទេសចិន យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីរ៉ង់ ហើយមានឆន្ទៈធ្វើការជាមួយភាគីអ៊ីរ៉ង់ ដើម្បីប្រារព្ធខួបលើកទី ៥០ ជាឱកាសមួយដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងជំរុញឱ្យមានវឌ្ឍនភាពរឹងមាំ ក្នុងការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរបស់ភាគីទាំងពីរ។

លោកប្រធានាធិបតីបានបន្ដថា ប្រទេសចិន នឹងបន្តគាំទ្រអ៊ីរ៉ង់យ៉ាងរឹងមាំ ក្នុងការការពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិ ហើយមានឆន្ទៈក្នុងការផ្តល់ជំនួយ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន សម្រាប់ការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតអ៊ីរ៉ង់ និងជួយប្រជាជនអ៊ីរ៉ង់ ឱ្យយកឈ្នះលើវីរុសនេះ ៕

ដោយ ឈូក បូរ៉ា

To Top