រ៉ង់ហ្គូន៖ មេធាវីម្នាក់បានប្រាប់ ក្រុមអ្នកយកព័ត៌មានថា មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានបណ្តេញចេញពីតំណែងលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋជាច្រើន បានបង្ហាញខ្លួននៅក្នុងតុលាការកាលពីថ្ងៃច័ន្ទ ជាលើកដំបូងចាប់តាំងពីយោធា បានកាន់កាប់អំណាច និងឃុំខ្លួនលោកស្រីអស់រយៈពេលជិត ៣ ខែមកហើយ។
ក្រោយមកនៅថ្ងៃនោះទូរទស្សន៍រដ្ឋ បានចាក់ផ្សាយរូបថតរបស់លោកស្រីស៊ូជី នៅក្នុងតុលាការដែលនេះជាលើកទី១ ហើយដែលរូបថត ដែលបង្ហាញលោកស្រីត្រូវបាន ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយ របបយោធាចេញផ្សាយចាប់តាំង ពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។
លោកស្រី ស៊ូជី ដែលត្រូវបានអនុញ្ញាតឱ្យជួបជាមួយ មេធាវីជាលើកដំបូងដែរនោះ បានលើកឡើងថា“ ខ្ញុំតែងតែបួងសួងសុំសេចក្តីសុខ ដល់ប្រជាជនទាំងអស់” នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងគណបក្សរបស់លោកស្រី គឺគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ” ដែលនឹងមានដរាបណាប្រជាជននៅទីនោះ ពីព្រោះគណបក្សនេះត្រូវបាន បង្កើតឡើងសម្រាប់ប្រជាជន។
មេធាវីបានលើកឡើងថា មេធាវីលោក Min Min Soe និងមេធាវីបួនរូបផ្សេងទៀត បានជួបលោកស្រីស៊ូជី នៅបន្ទប់មួយនៃតុលាការ ក្នុងទីក្រុងណៃពិដោរ ក្នុងរយៈពេល ៣០ នាទី។ បន្ទាប់ពីកិច្ចប្រជុំនេះលោកស្រីស៊ូជី និងមេធាវី បានចូលរួមក្នុងសវនាការ នៅឯតុលាការមួយទៀតដែលត្រូវបាន បង្កើតឡើងជាតុលាការពិសេស។
ប៉ុន្តែចៅក្រមមិនបានសួរសំណួរ ណាមួយទៅកាន់លោកស្រីស៊ូជី នោះទេដោយប្រាប់លោកស្រី និងមេធាវីថា រឿងក្តីរបស់លោកស្រី នឹងត្រូវពិភាក្សានៅឯសវនាការបន្ទាប់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៧ ខែមិថុនា។
លោកស្រីស៊ូជី បានចូលរួមស្តាប់សវនាការ នៅឯតុលាការទីក្រុងណៃពិដោរ តាមរយៈខ្សែអាត់វីដេអូនៅក្នុងខែមីនា និងមេសា។ ក្នុងនោះលោកស្រី បានប្រឈមមុខនឹងការចោទប្រកាន់ជាច្រើន នៅឯតុលាការរួមទាំងការនាំចូល និងប្រើប្រាស់ឧបករណ៍ ទំនាក់ទំនងដោយខុសច្បាប់ ការហាមប្រាមការឆ្លងមេរោគ និងការផ្សព្វផ្សាយព័ត៌មាន ដែលធ្វើឱ្យមានការរំជើបរំជួលនៅក្នុងសង្គម។
លោកស្រីស៊ូជីត្រូវបានចោទប្រកាន់ ដាច់ដោយឡែកពីគ្នានៅឯ តុលាការក្រុងយ៉ាំងហ្គោន ពីបទរំលោភបំពានច្បាប់អាថ៌កំបាំងផ្លូវការ នៃយុគសម័យអាណានិគមរបស់ប្រទេស។ ការចោទប្រកាន់នេះ គឺទាក់ទងទៅនឹងការចោទប្រកាន់ របស់សេដ្ឋវិទូអូស្ត្រាលីលោក Sean Turnell អតីតទីប្រឹក្សារបស់លោកស្រីស៊ូជី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៤ ឆ្នាំ ៕
ដោយ ឈូក បូរ៉ា