ព័ត៌មានអន្តរជាតិ

របួសជាង២០០នាក់ ក្នុងហេតុការណ៍ រថភ្លើងពីរគ្រឿងបុកគ្នា នៅកូឡាឡំាពួរ

កូឡាឡំាពួរ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា ពលរដ្ឋជាង ២០០នាក់ បានរងរបួស ក្នុងនោះរាប់ទាំង៤៧នាក់ ដែលរងរបួសធ្ងន់ ដែលរថភ្លើងចំនួន០២គ្រឿង បានបុកគ្នានៅក្នុងផ្លូវរូងក្រោមដីមួយកន្លែង នៅរដ្ឋធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទ ។

ឧប្បត្តិហេតុបានកើតឡើង នៅវេលាម៉ោងប្រមាណ ៨និង៣០ នាទីយប់ ម៉ោងក្នុងស្រុក ខណៈដែលរថភ្លើងមួយខ្សែទទេ បានបុកនឹងរថភ្លើងមួយទៀត ដែលមានផ្ទុកមនុស្សចំនួន២៣២នាក់ នៅលើផ្លូវរថភ្លើង Kelana Jaya ដែលស្ថិតនៅក្រោមដី នៅជិតស្ថានីយ៍កូឡាឡាំពួរ នៅខាងក្រៅអគារ Petronas Towers ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានដកស្រង់សម្តីរបស់លោក Wee Ka Siong រដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងដូច្នេះ ។

លោករដ្ឋមន្ត្រីបានប្រាប់នៅក្នុងសន្និសីទ សារព័ត៌មានមួយនៅឯស្ថានីយ៍ថា ពលរដ្ឋចំនួន១៦៦នាក់បានរងរបួសស្រាល ទន្ទឹមនឹងនេះដែរ ៤៧នាក់បានរងរបួសធ្ងន់ ដោយបានបន្ថែមថា អ្នករងរបួសខ្លះក្នុងចំណោម អ្នកទាំងនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

លោករដ្ឋមន្ត្រីបានលើកឡើងថា រថភ្លើងទទេនោះបានត្រូវគេ ធ្វើតេស្តឲ្យរត់លើផ្លូវសាកល្បង ។

នាយករដ្ឋមន្ត្រីបានថ្លែងថា គាត់បានដាក់បញ្ជាឲ្យធ្វើការស៊ើបអង្កេត មួយទៅលើឧប្បត្តិហេតុនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top