ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអាមេរិក-រុស្ស៊ី គ្រោងបើកកិច្ចប្រជុំកំពូល នៅថ្ងៃទី១៦ ខែមិថុនា ខណៈទំនាក់ទំនងទ្វេភាគីកំពុងតានតឹង

វ៉ាស៊ីនតោន៖ សេតវិមានអាមេរិក បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងជួបសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នៅថ្ងៃទី១៦ ខែមិថុនា នៅទីក្រុងហ្សឺណែវ សម្រាប់កិច្ចពិភាក្សាទល់មុខគ្នា​ លើកដំបូងចាប់តាំងពីលោក ​បៃដិន ចូលកាន់តំណែងក្នុងខែមករា។

លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen Psaki បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មេដឹកនាំទាំងពីរ នឹងពិភាក្សាពីបញ្ហាបន្ទាន់ទាំងអស់ ព្រោះយើងស្វែងរកការស្តារឡើងវិញ នូវភាពដែលអាចប៉ាន់ស្មានបាន និងស្ថេរភាពចំពោះទំនាក់ទំនងសហរដ្ឋអាមេរិក – រុស្ស៊ី” ។

កិច្ចប្រជុំនៅប្រទេសស្វីស នឹងធ្វើឡើងខណៈភាពតានតឹង កំពុងកើតមានរវាងប្រទេសទាំង ២ ជុំវិញសកម្មភាព ដែលបង្កការចោទប្រកាន់លើរុស្ស៊ី ដូចជាការវាយប្រហារតាមអ៊ីនធឺណិត និងការជ្រៀតជ្រែកក្នុងការបោះឆ្នោត នៅសហរដ្ឋអាមេរិកឆ្នាំ២០២០ ។

រដ្ឋបាលលោក បៃដិន កំពុងស្វែងរកទំនាក់ទំនងប្រកបដោយ ស្ថេរភាពជាមួយវិមានក្រឹមឡាំង នៅពេលដែលទីក្រុងវ៉ាស៊ីនតោន ផ្តោតសំខាន់លើការប្រឆាំងនឹងកម្លាំងយោធា និងសេដ្ឋកិច្ចរបស់ចិន។

ក្នុងចំណោមវិស័យនានា ដែលសហរដ្ឋអាមេរិកចង់ពិភាក្សាជាមួយរុស្ស៊ី អាចនឹងមានការគ្រប់គ្រងអាវុធ ដោយបន្តពង្រីកនៅខែកុម្ភៈ នៃសន្ធិសញ្ញាចុងក្រោយ ដែលនៅសល់លើត្រួតពិនិត្យ អាវុធនុយក្លេអ៊ែររបស់ប្រទេសទាំងពីរ សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ New START។

លោក បៃដិន បានស្នើទៅលោក ពូទីន ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទនៅក្នុងខែមេសា នូវកិច្ចប្រជុំមួយនៅក្នុងប្រទេសទីបី។ ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសស្វ៊ីស ត្រូវបានគេរំពឹងថា នឹងបន្តដំណើររបស់លោក ទៅកាន់ចក្រភពអង់គ្លេស និងបែលហ្ស៊ិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមទាំងប្រាំពីរ G-7 និងការប្រមូលផ្តុំនៃអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង ៕

ដោយ ឈូក បូរ៉ា

To Top