កុលកាតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ថា ព្យុះស៊ីក្លូនទី២ ដែលមានកម្លាំងមហិមា បានវាយប្រហារប្រទេសឥណ្ឌា នៅក្នុងរយៈពេល ២សប្តាហ៍មកនេះ នៅក្នុងតំបន់ឆ្នេរសមុទ្រ នៅថ្ងៃពុធនេះ ដែលនាំឲ្យពលរដ្ឋរាប់ពាន់នាក់ រស់នៅក្នុងជម្រកជាបណ្តោះអាសន្ន ដែលព្យុះបានបង្កជាខ្យល់បោកបក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ។
ព្យុះស៊ីក្លូន Yaas បានបោកបក់មកលើឆ្នេរ បង់ហ្គាល់ (Bengal) ខណៈក្រុមអ្នកជួយសង្គ្រោះនៅផ្នែកផ្ទុយគ្នានៃប្រទេសនេះ បានបន្តការរុករកសាកសពជាច្រើន ដែលបានរងគ្រោះដោយព្យុះស៊ីក្លូន Tauktae ដែលបានប្រកាសថា យ៉ាងហោចណាស់ ១៥៥នាក់បាត់បង់ជីវិត កាលពីថ្ងៃទី១៤ ខែឧសភា ។

ព្យុះ Yaas បានក្លាយជាព្យុះ “ខ្លាំងក្លា” កាលពីល្ងាចថ្ងៃអង្គារ ហើយនាយកដ្ឋានឧតុនិយម របស់ប្រទេសឥណ្ឌា បានព្យាករណ៍ថា ព្យុះអាចនឹងមានល្បឿនបក់បោកដល់ ១៨៥គីឡូម៉ែត្រក្នុង ១ម៉ោង នៅគ្រាដែលព្យុះនេះបានបោកបក់ នៅលើឆ្នេរក្បែរព្រំដែនរវាងរដ្ឋ West Bengal និង រដ្ឋ Odisha នៅថ្ងៃពុធនេះ ។
គេមានការព្រួយបារម្ភថា ព្យុះស៊ីក្លូននេះអាចបង្កឲ្យមាន ការរាលដាលរលកចម្លងមេរោគ ដែលកំពុងកើតឡើងនៅក្នុងប្រទេសឥណ្ឌា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយភ្លៀងបានធ្លាក់ចុះ និងមានខ្យល់បោកបក់ខ្លាំងជន់លិចភូមិ និងទីក្រុងនៅតាមតំបន់ឆ្នេរសមុទ្រ ក្នុងរយៈពេលប៉ុន្មានម៉ោងមុនពេលព្យុះស៊ីក្លូន Yaas មកដល់ ។
ទីក្រុង កុលកាតា (Kolkata) ដែលជាទីក្រុងសំខាន់របស់រដ្ឋ West Bengal បានបញ្ជាឱ្យអាកាសយានដ្ឋានអន្តរជាតិ របស់ខ្លួនត្រូវបិទការហោះហើរ ជាច្រើននៅថ្ងៃពុធនេះ ដោយសារតែព្យុះបក់បោកខ្លាំង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
