ព័ត៌មានអន្តរជាតិ

មិនទាន់ដឹងស្លាប់រស់ទេ បាត់ខ្លួនជាង ១០០នាក់ ក្នុងហេតុការណ៍ លិចទូកអ្នកដំណើរជាង ១៦០នាក់ នៅនីហ្សេរីយ៉ា

អាប៊ូចា៖ អ្នកនាំពាក្យប៉ូលីសបានប្រាប់ភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួថា មនុស្សជាច្រើនបានបាត់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីទូកដឹក អ្នកដំណើរជាង ១៦០ នាក់ បានលិចនៅក្នុងទន្លេមួយ នៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Nafiu Abubakar អ្នកនាំពាក្យប៉ូលីសក្នុងរដ្ឋ Kebbi បានប្រាប់ស៊ីនហួតាមទូរស័ព្ទថា ប៉ូលីសបានទទួលព័ត៌មានថា ទូកមួយដែលផ្ទុកមនុស្សជាង ១៦០ នាក់ បានក្រឡាប់នៅក្នុងទន្លេនីហ្សេរីយ៉ា ខណៈកំពុងធ្វើដំណើរទៅ Kebbi ពីរដ្ឋជិតខាងរបស់ប្រទេសនីហ្សេរីយ៉ា។

លោក Abubakar បានលើកឡើងថា ចំនួនអ្នកបាត់ខ្លួន និងតួលេខពិតប្រាកដនៃការបាត់ខ្លួន គឺមិនទាន់ច្បាស់នៅពេលនេះទេ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ដើម្បីស្វែងរកអ្នកដំណើរដែលបាត់ខ្លួន។

លោក Abubakar បានបន្ដថា “ប៉ូលីសសមុទ្រត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះ ហើយពួកគេកំពុងប្រតិបត្តិការជួយសង្គ្រោះ ក៏ដូចជាការស៊ើបអង្កេតលើឧប្បត្តិហេតុនេះផងដែរ” ។

មន្រ្តីស្រុកម្នាក់នៅក្នុងរដ្ឋខាងលើត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាសោកនាដកម្មនេះ គឺជាលទ្ធផលនៃការផ្ទុកលើសទម្ងន់ ហើយរហូតមកដល់ពេលនេះ មានតែមនុស្ស ២២ នាក់នៅលើទូកប៉ុណ្ណោះ ដែលត្រូវបានជួយសង្គ្រោះ ដោយមានមនុស្សច្រើនជាង ១០០ នាក់កំពុងបាត់ខ្លួន។

គ្រោះថ្នាក់ទូកមិនមែនជារឿងចម្លែកនោះទេនៅក្នុងប្រទេសនីហ្សេរីយ៉ា ដោយសារតែការផ្ទុកលើសទម្ងន់ និងប្រតិបត្តិការខុស។ គ្រោះថ្នាក់ទូកបានកើតឡើងប្រហែល ២ សប្តាហ៍បន្ទាប់ពីទូកមួយបានលិចនៅរដ្ឋនីហ្សេរីយ៉ា កាលពីថ្ងៃទី០៨ ឧសភា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨ នាក់៕ដោយ ឈូក បូរ៉ា

To Top